១ យ៉ូហាន 4:6-12 KHOV

6 ឯ​យើង​រាល់​គ្នា ជា​អ្នក​មក​ពី​ព្រះ​វិញ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ​នោះ​ក៏​ស្តាប់​យើង​ខ្ញុំ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ​ទេ នោះ​មិន​ព្រម​ស្តាប់​យើង​ខ្ញុំ​ឡើយ គឺ​យ៉ាង​នោះ​ឯង ដែល​យើង​នឹង​ស្គាល់​វិញ្ញាណ​នៃ​សេចក្តី​ពិត និង​វិញ្ញាណ​នៃ​សេចក្តី​ខុស‌ឆ្គង​ទៅ​បាន។

7 ពួក​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ

8 តែ​អ្នក​ណា​ដែល​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​នោះ​ឯង

9 សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ‌សារ​ទ្រង់

10 នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង

11 ពួក​ស្ងួនភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ

12 គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ បាន​ពេញ​ខ្នាត​ក្នុង​យើង​ដែរ