២ កូរិនថូស 11:23-29 KHOV

23 គេ​ជា​អ្នក​បំរើ​ព្រះ‌គ្រីស្ទ​ឬ​អី (ខ្ញុំ​និយាយ​បែប​ដូច​ជា​វង្វេង​ស្មារតី​ហើយ) ខ្ញុំ​ក៏​លើស​ជាង​គេ​ទៅ​ទៀត ក្នុង​ការ​នឿយ​ហត់​លើស​ជាង​គេ ដោយ​ត្រូវ​រំពាត់​ហួស​ល្បត់ ទាំង​ត្រូវ​ជាប់​គុក​ច្រើន​ជាង​គេ ក៏​ដល់​នូវ​ភាព​ជិត​ស្លាប់​ជា​ញឹក‌ញយ

24 ប្រាំ​ដង​ហើយ សាសន៍​យូដា​វាយ​ខ្ញុំ​៤០​រំពាត់​ខ្វះ​១

25 គេ​វាយ​ខ្ញុំ​នឹង​ដំបង​៣​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​១​ដង ខ្ញុំ​ត្រូវ​សំពៅ​លិច​៣​ដង ខ្ញុំ​នៅ​នា​សមុទ្រ​ជ្រៅ​អស់​១​ថ្ងៃ​១​យប់

26 ខ្ញុំ​ដើរ​ដំណើរ​ជា​ច្រើន ក៏​មាន​សេចក្ដី​អន្តរាយ​នៅ​ទន្លេ អន្តរាយ​ដោយ​ពួក​ចោរ​ប្លន់ អន្តរាយ​ដោយ​សាសន៍​របស់​ខ្ញុំ អន្តរាយ​ដោយ​សាសន៍​ដទៃ ក៏​អន្តរាយ​ក្នុង​ទី​ក្រុង ក្នុង​ទី​រហោ‌ស្ថាន ក្នុង​សមុទ្រ ក្នុង​ពួក​បង​ប្អូន​ក្លែង‌ក្លាយ​ដែរ

27 ត្រូវ​នឿយ​ហត់ ហើយ​លំបាក ត្រូវ​ចាំ​យាម​ជា​ញយ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​ជា​ញឹក‌ញយ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ផង

28 ក្រៅ​ពី​ការ​ខាង​សាច់​ឈាម​ទាំង​នោះ ក៏​មាន​សេចក្ដី​កង្វល់​ខាង​ឯ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​ប្រជ្រៀត​មក​លើ​ខ្ញុំ រាល់​តែ​ថ្ងៃ​ជានិច្ច​ថែម​ទៀត

29 តើ​អ្នក​ឯ​ណា​ខ្សោយ ហើយ​ខ្ញុំ​មិន​បាន​ខ្សោយ​ផង តើ​អ្នក​ឯ​ណា​អាក់‌អន់​ចិត្ត ហើយ​ខ្ញុំ​មិន​ឈឺ‌ឆ្អាល​ផង