5 ខ្ញុំនឹងមានសេចក្ដីអំនួតពីមនុស្សនោះ ខ្ញុំមិនអួតពីខ្លួនខ្ញុំទេ លើកតែពីសេចក្ដីកំសោយរបស់ខ្ញុំចេញ
6 ទោះបើខ្ញុំចង់អួតខ្លួន នោះគង់តែខ្ញុំមិនមែនខ្លៅល្ងង់ទេ ដ្បិតខ្ញុំនិយាយតាមតែសេចក្ដីពិត ប៉ុន្តែ ខ្ញុំឈប់ស្លេះចុះ ក្រែងអ្នកណារាប់ខ្ញុំ ទុកជាលើសជាងភាពដែលឃើញ ឬឮនិយាយពីខ្ញុំ។
7 ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ បានជាមានបន្លា១ចាត់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំង ដែលមកធ្វើទុក្ខខ្ញុំ ដើម្បីកុំឲ្យខ្ញុំមានចិត្តធំឡើយ
8 ខ្ញុំបានសូមអង្វរដល់ព្រះអម្ចាស់៣ដង ឲ្យសេចក្ដីនោះថយចេញពីខ្ញុំទៅ
9 តែទ្រង់មានព្រះបន្ទូលមកខ្ញុំថា គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្ដីកំសោយ ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្ដីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ
10 ហេតុនោះបានជាខ្ញុំអរសប្បាយក្នុងកាលដែលមានសេចក្ដីកំសោយ ក្នុងកាលដែលគេត្មះតិះដៀល ក្នុងសេចក្ដីលំបាក កាលគេធ្វើទុក្ខបៀតបៀន ហើយក្នុងសេចក្ដីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះគ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ។
11 ខ្ញុំបានត្រឡប់ជាល្ងង់ខ្លៅ ដោយសេចក្ដីអំនួត គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ ដ្បិតគួរឲ្យអ្នករាល់គ្នាបានផ្ទុកផ្តាក់ខ្ញុំវិញ ទោះបើខ្ញុំមិនមែនជាអ្វីក៏ដោយ គង់តែខ្ញុំមិនចាញ់ពួកសាវកធំណាមួយនោះទេ