9 តែទ្រង់មានព្រះបន្ទូលមកខ្ញុំថា គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្ដីកំសោយ ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្ដីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ
10 ហេតុនោះបានជាខ្ញុំអរសប្បាយក្នុងកាលដែលមានសេចក្ដីកំសោយ ក្នុងកាលដែលគេត្មះតិះដៀល ក្នុងសេចក្ដីលំបាក កាលគេធ្វើទុក្ខបៀតបៀន ហើយក្នុងសេចក្ដីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះគ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ។
11 ខ្ញុំបានត្រឡប់ជាល្ងង់ខ្លៅ ដោយសេចក្ដីអំនួត គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ ដ្បិតគួរឲ្យអ្នករាល់គ្នាបានផ្ទុកផ្តាក់ខ្ញុំវិញ ទោះបើខ្ញុំមិនមែនជាអ្វីក៏ដោយ គង់តែខ្ញុំមិនចាញ់ពួកសាវកធំណាមួយនោះទេ
12 ពិតមែន មានភស្តុតាងបានកើតឡើងក្នុងពួកអ្នករាល់គ្នា ដើម្បីនឹងបញ្ជាក់ការងារជាសាវករបស់ខ្ញុំ ដោយការអត់ធន់ ដោយទីសំគាល់ ការអស្ចារ្យ និងការឬទ្ធិបារមីគ្រប់យ៉ាង
13 តើអ្នករាល់គ្នាបានចាញ់ពួកជំនុំឯទៀតទាំងប៉ុន្មានយ៉ាងណាខ្លះ លើកចេញតែការដែលខ្ញុំមិនឲ្យអ្នកណាព្រួយនឹងខ្ញុំ សូមអត់ទោសសេចក្ដីកំហុសនេះឲ្យខ្ញុំផង។
14 មើល ខ្ញុំរៀបនឹងមកឯអ្នករាល់គ្នា ជាគំរប់៣លើកនេះហើយ ខ្ញុំក៏មិនឲ្យអ្នកណាព្រួយនឹងខ្ញុំទៀត ដ្បិតខ្ញុំមិនរកចង់បានរបស់ទ្រព្យអ្នករាល់គ្នាទេ គឺរកតែខ្លួនអ្នករាល់គ្នាប៉ុណ្ណោះ ដ្បិតមិនគួរឲ្យកូនចៅត្រូវប្រមូលទុកឲ្យឪពុកម្តាយទេ គឺឪពុកម្តាយទេតើ ដែលត្រូវប្រមូលទុកឲ្យកូនវិញ
15 ឯខ្ញុំៗ សុខចិត្តនឹងចែកចាយ ហើយនឹងត្រូវហិនអស់រលីងទៅចុះ ដោយព្រោះព្រលឹងរបស់អ្នករាល់គ្នា ថ្វីបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើងប៉ុណ្ណា នោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ក៏កាន់តែថយចុះប៉ុណ្ណោះដែរ