7 បានជាស៊ូឲ្យអត់ទោស ហើយកំសាន្តចិត្តមនុស្សនោះវិញ ក្រែងមនុស្សនោះត្រូវស្រូបបាត់ ដោយកើតទុក្ខព្រួយកាន់តែខ្លាំងឡើង
8 ហេតុនោះបានជាខ្ញុំទូន្មាន ឲ្យអ្នករាល់គ្នាសំដែងសេចក្ដីស្រឡាញ់ ដល់អ្នកនោះឲ្យជាក់លាក់
9 ដ្បិតដោយហេតុនោះបានជាខ្ញុំធ្វើសំបុត្រនេះដែរ គឺដើម្បីនឹងលមើលអ្នករាល់គ្នាឲ្យដឹង តើនឹងស្តាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ឬទេ
10 បើអ្នករាល់គ្នាអត់ទោសដល់អ្នកណាពីរឿងអ្វី នោះខ្ញុំក៏អត់ទោសដែរ ហើយរឿងអ្វីដែលខ្ញុំបានអត់ទោសឲ្យពួកគេ បើសិនជាបានអត់ទោសអ្វីមែន នោះគឺដោយព្រោះអ្នករាល់គ្នា នៅចំពោះព្រះគ្រីស្ទហើយ
11 ដើម្បីមិនឲ្យអារក្សសាតាំងមានឱកាសនឹងឈ្នះយើងបានឡើយ ដ្បិតយើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយ។
12 កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ហើយមានទ្វារបើកឲ្យខ្ញុំ ដោយនូវព្រះអម្ចាស់
13 នោះខ្ញុំឥតមានធូរក្នុងចិត្តសោះ ដោយហេតុរកទីតុស ជាបងប្អូនខ្ញុំ មិនឃើញ បានជាខ្ញុំលាគេទៅឯស្រុកម៉ាសេដូនវិញ