២ កូរិនថូស 4:8-14 KHOV

8 ដែល​យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់‌សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្ដី​វិល‌វល់ តែ​មិន​ទ័ល​គំនិត​ទេ

9 មាន​គេ​ធ្វើ​ទុក្ខ តែ​មិន​មែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ

10 យើង​ខ្ញុំ​ផ្ទុក​សេចក្ដី​សុគត​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ នៅ​ក្នុង​រូប‌កាយ​យើង​ខ្ញុំ​ជានិច្ច ដើម្បី​ឲ្យ​ព្រះ‌ជន្ម​នៃ​ទ្រង់​បាន​សំដែង​មក ក្នុង​រូប‌កាយ​យើង​ខ្ញុំ​ដែរ

11 ដ្បិត​យើង​រាល់​គ្នា​ដែល​រស់​នៅ នោះ​យើង​ត្រូវ​ប្រគល់​ដល់​សេចក្ដី​ស្លាប់​ជា​ដរាប ដោយ​ព្រោះ​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌ជន្ម​នៃ​ទ្រង់​បាន​សំដែង​មក ក្នុង​រូប​សាច់​យើង ដែល​តែង​តែ​ស្លាប់​នេះ

12 ហេតុ​នោះ​បាន​ជា​សេចក្ដី​ស្លាប់​កំពុង​តែ​ចំរើន​ឡើង​ក្នុង​យើង​ខ្ញុំ តែ​ជីវិត​ចំរើន​ក្នុង​អ្នក​រាល់​គ្នា​វិញ

13 ហើយ​ដែល​មាន​ចិត្ត​ជឿ​ដូច​គ្នា ត្រូវ​នឹង​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ខ្ញុំ​បាន​ជឿ បាន​ជា​ខ្ញុំ​និយាយ» នោះ​យើង​ខ្ញុំ​ក៏​ជឿ​ដែរ បាន​ជា​យើង​ខ្ញុំ​និយាយ

14 ដោយ​ដឹង​ថា ព្រះ‌អង្គ ដែល​ប្រោស​ព្រះ‌អម្ចាស់​យេស៊ូវ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​ខ្ញុំ​រស់​ឡើង​ដែរ ដោយ‌សារ​ព្រះ‌យេស៊ូវ ហើយ​នឹង​នាំ​យើង​ខ្ញុំ​ទៅ​នៅ​ចំពោះ​ទ្រង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ