16 បានជាពីនេះទៅមុខ យើងខ្ញុំមិនស្គាល់អ្នកណាខាងឯសាច់ឈាមទៀតទេ តែបើយើងខ្ញុំបានស្គាល់ព្រះគ្រីស្ទខាងសាច់ឈាមហើយ គង់តែឥឡូវនេះមិនស្គាល់ទ្រង់យ៉ាងនោះទៀតឡើយ
17 បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ
18 គ្រប់ទាំងអស់ក៏មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ
19 គឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកីយ៍នឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត ហើយទ្រង់បានប្រគល់ព្រះបន្ទូល ពីការផ្សះផ្សានោះមកយើងខ្ញុំ។
20 ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ
21 ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង។