២ កូរិនថូស 7:10-16 KHOV

10 ព្រោះ​សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ នោះ​រមែង​នាំ​ឲ្យ​ប្រែ​ចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ ជា​សេចក្ដី​ដែល​មិន​ត្រូវ​ស្តាយ​ឡើយ តែ​សេចក្ដី​ព្រួយ​របស់​លោកីយ៍ នោះ​បង្កើត​សេចក្ដី​ស្លាប់​វិញ

11 ដ្បិត​មើល សេចក្ដី​នេះ​ឯង គឺ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ព្រួយ​ដ៏​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ នោះ​បាន​បង្កើត​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្វាត សេចក្ដី​ដោះ​សា សេចក្ដី​គ្នាន់‌ក្នាញ់ សេចក្ដី​ភ័យ​ខ្លាច សេចក្ដី​នឹក​រឭក សេចក្ដី​ឧស្សាហ៍ និង​សេចក្ដី​សង‌សឹក​ជា​ខ្លាំង​ទាំង​ម៉្លេះ អ្នក​រាល់​គ្នា​បាន​សំដែង​យ៉ាង​ច្បាស់​ថា ខ្លួន​បរិសុទ្ធ​ក្នុង​ដំណើរ​នេះ​គ្រប់​ជំពូក។

12 ដូច្នេះ ដែល​ខ្ញុំ​បាន​ធ្វើ​សំបុត្រ​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ដោយ​ព្រោះ​តែ​អ្នក​ដែល​ធ្វើ​ខុស ឬ​ដោយ​ព្រោះ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ខុស​នោះ​ទេ គឺ​ដើម្បី​នឹង​សំដែង ឲ្យ​ឃើញ​សេចក្ដី​សង្វាត​របស់​អ្នក​រាល់​គ្នា ដល់​យើង​ខ្ញុំ នៅ​ចំពោះ​ព្រះ​ទេ​តើ

13 ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​បាន​សេចក្ដី​ក្សាន្ត​ចិត្ត ដោយ‌សារ​សេចក្ដី​កំសាន្ត​របស់​អ្នក​រាល់​គ្នា ក៏​មាន​សេចក្ដី​អំណរ​លើស​ទៅ​ទៀត ដោយ​ឃើញ​សេចក្ដី​អំណរ​របស់​ទីតុស ដ្បិត​អ្នក​រាល់​គ្នា​បាន​លំហើយ​ចិត្ត​គាត់

14 ពី​ព្រោះ​បើ​សិន​ជា​ខ្ញុំ​បាន​អួត​នឹង​គាត់ ពី​ដំណើរ​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ នោះ​ខ្ញុំ​មិន​ខ្មាស​ទេ ព្រោះ​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​អួត​នឹង​ទីតុស ពី​អ្នក​រាល់​គ្នា នោះ​ឃើញ​ថា​ពិត​មែន ដូច​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ក៏​ពិត​ដែរ

15 ហើយ​គាត់​មាន​ចិត្ត​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា​លើស​ទៅ​ទៀត ដោយ​នឹក​ឃើញ​ពី​អ្នក​រាល់​គ្នា​ចុះ​ចូល​តាម ហើយ​ដែល​ទទួល​គាត់​ដោយ​ភ័យ​ខ្លាច ហើយ​ញាប់‌ញ័រ

16 ខ្ញុំ​ត្រេក‌អរ​ណាស់ ពី​ព្រោះ​ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់។