២ កូរិនថូស 7:3-9 KHOV

3 ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ចង់​ប្រកាន់​ទោស​ដល់​អ្នក​ណា​ទេ ដ្បិត​ខ្ញុំ​បាន​និយាយ​អំពី​មុន​រួច​ហើយ​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​បាន​ស្លាប់​ឬ​រស់​ជា​មួយ​គ្នា

4 ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង​ដែរ ខ្ញុំ​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ក្សេម‌ក្សាន្ត ខ្ញុំ​មាន​សេចក្ដី​អំណរ​លើស​លប់ ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​យើង​ខ្ញុំ

5 ដ្បិត​កាល​យើង​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ាសេដូន នោះ​យើង​ខ្ញុំ​ឥត​មាន​សេចក្ដី​ស្រាក‌ស្រាន្ត ខាង​សាច់​ឈាម​សោះ មាន​សុទ្ធ​តែ​សេចក្ដី​លំបាក​វិញ គឺ​នៅ​ខាង​ក្រៅ​មាន​សេចក្ដី​តតាំង ហើយ​ខាង​ក្នុង​មាន​សេចក្ដី​ភ័យ​ខ្លាច

6 តែ​ព្រះ‌អង្គ​ដែល​កំសាន្ត​ចិត្ត​ពួក​អ្នក​ដែល​ត្រូវ​បន្ទាប ទ្រង់​ក៏​បាន​កំសាន្ត​ចិត្ត​យើង​ខ្ញុំ ដោយ​អ្នក​ទីតុស​មក​ដល់

7 មិន​មែន​ដោយ​គាត់​មក​ដល់​តែ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​សេចក្ដី​ក្សេម‌ក្សាន្ត ដែល​បាន​កំសាន្ត​ចិត្ត​គាត់ ពី​ដំណើរ​អ្នក​រាល់​គ្នា​ដែរ គាត់​បាន​ប្រាប់​ពី​សេចក្ដី​សង្វាត សេចក្ដី​ទុក្ខ​ព្រួយ និង​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់​គ្នា​ដល់​ខ្ញុំ បាន​ជា​ខ្ញុំ​មាន​ចិត្ត​អរ​រឹត​តែ​ខ្លាំង​ឡើង

8 ដ្បិត​បើ​សិន​ជា​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដោយ​សំបុត្រ​នោះ ខ្ញុំ​ក៏​មិន​ស្តាយ​ដែរ ទោះ​បើ​បាន​ស្តាយ​ពី​មុន​ក៏​មែន ព្រោះ​ខ្ញុំ​ឃើញ​ថា សំបុត្រ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ សូម្បី​តែ​១​ភ្លែត​ក៏​មែន

9 គង់​តែ​ខ្ញុំ​អរ​ក្នុង​ពេល​ឥឡូវ​នេះ​វិញ មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ​ទេ គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ព្រួយ រហូត​ដល់​បាន​ប្រែ​ចិត្ត​វិញ​ទេ​តើ ដ្បិត​អ្នក​រាល់​គ្នា​បាន​កើត​ទុក្ខ​ព្រួយ បែប​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខូច​ខាត​អ្វី ដោយ​ព្រោះ​យើង​ខ្ញុំ​ឡើយ