២ កូរិនថូស 8:9-15 KHOV

9 ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយ‌សារ​សេចក្ដី​កម្រ​របស់​ទ្រង់

10 ខ្ញុំ​សំដែង​គំនិត​ខ្ញុំ​ក្នុង​ការ​នេះ​ដែរ ដ្បិត​នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​មិន​គ្រាន់​តែ​ចាប់​ផ្តើម​ធ្វើ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​ចិត្ត​ប្រាថ្នា​ចង់​ធ្វើ តាំង​តែ​ពី​ឆ្នាំ​មុន​មក​ហើយ​ផង

11 ឥឡូវ​នេះ ចូរ​បំពេញ​ការ​នោះ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បំពេញ​តាម​ដែល​មាន​ដូច​ជា​បំណង ដែល​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​នឹង​ធ្វើ​មក​ហើយ​នោះ​ដែរ

12 ដ្បិត​បើ​សិន​ជា​ប្រុង​ប្រៀប​នឹង​ធ្វើ​ហើយ នោះ​ព្រះ​ទ្រង់​ទទួល​អ្នក​តាម​ដែល​មាន មិន​មែន​តាម​ដែល​គ្មាន​នោះ​ទេ

13 ការ​នោះ​មិន​មែន​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​ទំនេរ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​លំបាក​នោះ​ទេ គឺ​ឲ្យ​បាន​ស្មើ​គ្នា​វិញ ឲ្យ​សេចក្ដី​បរិបូរ​របស់​អ្នក​រាល់​គ្នា​ក្នុង​ជាន់​នេះ​បាន​បំពេញ​ការ​ដែល​គេ​ខ្វះ​ខាត

14 ដើម្បី​កាល​ណា​គេ​មាន​បរិបូរ នោះ​នឹង​បាន​បំពេញ​ការ ដែល​អ្នក​រាល់​គ្នា​ខ្វះ​ខាត​វិញ ប្រយោជន៍​ឲ្យ​បាន​ស្មើ​គ្នា​ឡើង

15 ដូច​ជា​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​រើស​បាន​ច្រើន នោះ​គ្មាន​សល់​ឡើយ ឯ​អ្នក​ដែល​រើស​បាន​តិច នោះ​មិន​បាន​ខ្វះ​ទេ»។