7 ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ
8 ហើយព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចំរើនដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឲ្យបានចំរើនឡើង ខាងឯការល្អគ្រប់ជំពូក
9 ដូចសេចក្ដីដែលចែងទុកមកថា «ទ្រង់បានចែកសុសសាយ ទ្រង់បានប្រទានទៅពួកទ័លក្រ សេចក្ដីសុចរិតទ្រង់នៅជាប់អស់កល្បជានិច្ច»
10 រីឯព្រះដែលទ្រង់ផ្គត់ផ្គង់ពូជ សំរាប់អ្នកដែលព្រោះ និងអាហារសំរាប់បរិភោគផង នោះទ្រង់នឹងផ្គត់ផ្គង់ ហើយចំរើនពូជដែលអ្នករាល់គ្នាព្រោះនោះដែរ ព្រមទាំងចំរើនផលពីការសុចរិត របស់អ្នករាល់គ្នាផង
11 ដូច្នេះ អ្នករាល់គ្នានឹងបានចំរើនកាន់តែច្រើនឡើងគ្រប់ជំពូក សំរាប់ជាការសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតសេចក្ដីអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា
12 ពីព្រោះការជំនួយជួយពួកបរិសុទ្ធនេះ មិនមែនគ្រាន់តែបំពេញសេចក្ដីដែលគេត្រូវការប៉ុណ្ណោះ គឺបានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យគេអរព្រះគុណជាច្រើន
13 ហើយដោយគេឃើញភស្តុតាងពីការជំនួយនេះ នោះគេសរសើរដំកើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសំដែងច្បាស់ថា ខ្លួនជាអ្នកចុះចូលតាមដំណឹងល្អនៃព្រះគ្រីស្ទពិត ហើយដោយព្រោះការសទ្ធាដែលអ្នករាល់គ្នាផ្ញើទៅគេ នឹងមនុស្សទាំងអស់ផង