5 តែស្តេច ទ្រង់មានព្រះបន្ទូល ដល់ពួកខាល់ដេថា សេចក្ដីនោះយើងបានភ្លេចទៅហើយ បើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងសប្តិនោះ ហើយកាត់ស្រាយផង នោះអ្នករាល់គ្នានឹងត្រូវកាប់ជាដុំៗ ហើយផ្ទះរបស់អ្នករាល់គ្នានឹងទៅជាកន្លែងបន្ទោលាមក
6 តែបើអ្នករាល់គ្នាប្រាប់សប្តិនោះ ព្រមទាំងកាត់ស្រាយផង នោះអ្នករាល់គ្នានឹងបានអំណោយទាន និងរង្វាន់ ហើយកិត្តិយសពីយើងវិញ ដូច្នេះ ចូរប្រាប់ពន្យល់សប្តិនោះដល់យើង ហើយកាត់ស្រាយទៅចុះ
7 គេទូលឆ្លើយម្តងទៀតថា សូមតែឲ្យព្រះករុណាមានព្រះបន្ទូលប្រាប់សប្តិនោះដល់យើងខ្ញុំ ជាបាវបំរើទ្រង់ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប
8 ស្តេចទ្រង់តបឡើងថា យើងបានដឹងពិតប្រាកដថា អ្នករាល់គ្នានឹងចង់បានពេលវេលា ដោយឃើញថា យើងបានភ្លេចសេចក្ដីទៅហើយ
9 បើសិនជាអ្នករាល់គ្នាមិនប្រាប់សប្តិនោះដល់យើងទេ នោះមានទោសតែ១ប៉ុណ្ណោះសំរាប់អ្នកទាំងអស់គ្នា ដ្បិតអ្នករាល់គ្នាបានបង្កើតពាក្យភូតភរ ហើយឆបោកសំរាប់ឆ្លើយមកយើង ចាំទំរាំតែគ្រានេះបានផ្លាស់ប្រែទៅ ដូច្នេះ ចូរប្រាប់សប្តិនោះដល់យើង នោះយើងនឹងដឹងថា អ្នករាល់គ្នាអាចនឹងកាត់ស្រាយបានមែន
10 តែពួកខាល់ដេ គេទូលឆ្លើយនៅចំពោះស្តេចថា គ្មានមនុស្សណាមួយនៅលើផែនដីនេះ ដែលអាចនឹងបង្ហាញដំណើរនៃព្រះករុណាបានទេ ក៏មិនដែលមានស្តេចណាទោះបើធំ ហើយមានអំណាចយ៉ាងណាក៏ដោយ ដែលបានបង្គាប់ការយ៉ាងនេះដល់ពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ឬដល់ពួកខាល់ដេណាៗឡើយ
11 ការដែលព្រះករុណាទ្រង់បង្គាប់នេះ ជាការកម្រមានណាស់ គ្មានអ្នកណាអាចនឹងបង្ហាញដំណើរនេះដល់ព្រះករុណាបានទេ មានតែពួកព្រះដែលមិនស្ថិតនៅក្នុងសាច់ឈាមវិញប៉ុណ្ណោះ