1 រីឯស្តេចនេប៊ូក្នេសា ទ្រង់ធ្វើរូបមាស១ មានកំពស់៦០ហត្ថ ទទឹង៦ហត្ថ ទ្រង់បញ្ឈររូបនោះនៅវាលឌូរ៉ាក្នុងខេត្តបាប៊ីឡូន
2 រួចស្តេចនេប៊ូក្នេសាទ្រង់ចាត់ឲ្យទៅប្រមូលពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក ពួកចៅក្រម ពួកមេឃ្លាំង ពួកបាឡាត់ ពួកនាយកនគរបាល និងអស់ទាំងពួកមន្ត្រីខេត្តទាំងប៉ុន្មាន ឲ្យគេប្រមូលគ្នាមកឯបុណ្យឆ្លងរូប ដែលស្តេចនេប៊ូក្នេសាតាំងឡើងនោះ
3 ដូច្នេះ ពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក ពួកចៅក្រម ពួកមេឃ្លាំង ពួកបាឡាត់ ពួកនាយកនគរបាល និងអស់ទាំងពួកមន្ត្រីខេត្ត ក៏មូលគ្នាមកឯបុណ្យឆ្លងរូបនោះ ដែលស្តេចនេប៊ូក្នេសាតាំងឡើង គេក៏ឈរនៅចំពោះរូបដែលទ្រង់តាំងទុកនោះ
4 រួចមានអ្នក១ស្រែកប៉ាវប្រកាស ជាសំឡេងយ៉ាងខ្លាំងថា ម្នាលជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាអើយ មានសេចក្ដីបង្គាប់ដល់អ្នករាល់គ្នាដូច្នេះថា
5 វេលាណាដែលអ្នករាល់គ្នាឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ និងប៉ី ហើយដន្ត្រីគ្រប់យ៉ាង នោះត្រូវក្រាបថ្វាយបង្គំដល់រូបមាស ដែលព្រះករុណាទ្រង់បានតាំងឡើងទៅ
6 បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះនឹងត្រូវបោះទៅកណ្តាលគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅនៅវេលានោះឯង
7 ដូច្នេះ នៅវេលានោះ កាលជនទាំងឡាយបានឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ និងដន្ត្រីគ្រប់យ៉ាងហើយ នោះជនទាំងឡាយព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាផង ក៏ក្រាបថ្វាយបង្គំដល់រូបមាស ដែលស្តេចនេប៊ូក្នេសាបានតាំងទុកនោះ។
8 នៅគ្រានោះ មានពួកខាល់ដេខ្លះចូលទៅជិតប្តឹងពីពួកសាសន៍យូដា
9 គេទូលដល់ស្តេចនេប៊ូក្នេសាថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ
10 បពិត្រព្រះករុណា ទ្រង់បានចេញព្រះរាជបង្គាប់ថា អស់មនុស្សណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងដន្ត្រីគ្រប់យ៉ាង នោះត្រូវតែក្រាបថ្វាយបង្គំដល់រូបមាសនេះ
11 ហើយថា បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ
12 រីឯក្នុងពួកអ្នកដែលទ្រង់បានតាំងឡើង លើក្រសួងការខេត្តបាប៊ីឡូន នោះមានពួកសាសន៍យូដាខ្លះ គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ទាំង៣នាក់នោះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេក៏មិនទាំងគោរពប្រតិបត្តិដល់ព្រះនៃទ្រង់ ឬថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។
13 ហេតុនោះ នេប៊ូក្នេសាទ្រង់មានសេចក្ដីក្រោធ និងសេចក្ដីឃោរឃៅយ៉ាងក្រៃលែង ក៏បង្គាប់ឲ្យគេនាំសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោមក ដូច្នេះ គេក៏នាំអ្នកទាំង៣នោះចូលមកនៅចំពោះស្តេច
14 នេប៊ូក្នេសា ទ្រង់មានព្រះបន្ទូលសួរគេថា ម្នាល សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ តើដោយបំណងចិត្តឬ ដែលឯងរាល់គ្នាមិនគោរពដល់ព្រះនៃយើង ឬថ្វាយបង្គំដល់រូបមាសដែលយើងបានតាំងឡើងហើយនោះ
15 ឥឡូវនេះ បើឯងរាល់គ្នាប្រុងប្រៀបក្នុងវេលាណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងដន្ត្រីគ្រប់យ៉ាង ឲ្យបានក្រាបថ្វាយបង្គំដល់រូបមាសដែលយើងបានធ្វើនេះ នោះបានហើយ តែបើមិនថ្វាយបង្គំទេ នោះនឹងត្រូវបោះឯងទៅក្នុងគុកភ្លើង ដែលឆេះយ៉ាងសន្ធៅ នៅវេលានោះឯង តើមានព្រះឯណាដែលអាចនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃយើងបាន
16 តែសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោទូលឆ្លើយដល់ស្តេចថា បពិត្រព្រះរាជានេប៊ូក្នេសា យើងខ្ញុំមិនចាំបាច់ទូលឆ្លើយដល់ទ្រង់ពីដំណើរនេះទេ
17 បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ
18 តែបើមិនជួយទេ នោះសូមឲ្យទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។
19 នោះនេប៊ូក្នេសា ទ្រង់មានពេញដោយសេចក្ដីឃោរឃៅ ព្រះភក្ត្រទ្រង់ក៏ផ្លាស់ប្រែទៅ ទាស់នឹងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ទ្រង់ក៏បង្គាប់ឲ្យគេដុតគុកភ្លើងឲ្យក្តៅជាងធម្មតា១ជា៧
20 រួចទ្រង់បង្គាប់ដល់មនុស្សខ្លាំងពូកែខ្លះក្នុងកងទ័ពទ្រង់ ឲ្យគេចងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅនោះ
21 ដូច្នេះ គេក៏ចងអ្នកទាំងនោះភ្ជាប់ទាំងខោទាំងអាវ និងឈ្នួត ព្រមទាំងសំលៀកបំពាក់ឯទៀតផង បោះចុះក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅទៅ
22 ហេតុនោះដោយព្រោះបង្គាប់ស្តេចក៏តឹងរឹងណាស់ ហើយគុកភ្លើងបានក្តៅយ៉ាងក្រៃលែង បានជាអណ្តាតភ្លើងឆេះសំឡាប់ពួកអ្នកដែលបានលើកបោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោទៅនោះ
23 ចំណែកអ្នកទាំង៣នោះ គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ គេធ្លាក់ទៅកណ្តាលគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ទាំងជាប់ចំណងផង។
24 ខណៈនោះ ស្តេចនេប៊ូក្នេសា ទ្រង់មានសេចក្ដីស្រឡាំងកាំង ហើយក៏ក្រោកឡើងជាប្រញាប់ មានព្រះបន្ទូលនឹងពួកជំនិតរបស់ទ្រង់ថា តើមិនមែន៣នាក់ ដែលយើងបោះទៅក្នុងភ្លើងទាំងជាប់ចំណងផងទេឬអី គេក៏ទូលតបថា បពិត្រព្រះករុណាអើយ ពិតហើយដូច្នោះ
25 រួចទ្រង់មានព្រះបន្ទូលថា មើល យើងឃើញ៤នាក់ ឥតជាប់ចំណងសោះ កំពុងដើរនៅកណ្តាលភ្លើង ឥតមានអ្វីសោះ ឯអ្នកទី៤ក៏មានភាពដូចជាកូនព្រះ
26 នោះនេប៊ូក្នេសាក៏ចូលទៅជិតមាត់គុកភ្លើង ដែលឆេះយ៉ាងសន្ធៅនោះ មានព្រះបន្ទូលថា ឱសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ជាអ្នកគោរពដល់ព្រះដ៏ខ្ពស់បំផុតអើយ សូមចេញមក ហើយមកឯណេះចុះ ដូច្នេះ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ក៏ចេញពីកណ្តាលភ្លើងមក
27 រួចពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក និងពួកជំនិតរបស់ស្តេចដែលបានប្រជុំគ្នា គេក៏ឃើញមនុស្សទាំងនោះដែលភ្លើងគ្មានអំណាចលើខ្លួនគេសោះ សក់ក្បាលគេក៏មិនបានទាំងរួញដែរ ឯខោអាវមិនបានឆេះ ក៏ឥតមានក្លិនឈ្ងៀមនៅជាប់លើគេផង។
28 នេប៊ូក្នេសា ទ្រង់មានព្រះបន្ទូលថា សូមឲ្យព្រះនៃសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកប្រោសពួកបំរើទ្រង់ ដែលទុកចិត្តដល់ទ្រង់ ឲ្យរួច គេបានរំលងនឹងបង្គាប់នៃស្តេច ព្រមទាំងប្រថុយខ្លួនគេ ដើម្បីមិនឲ្យគោរព ឬថ្វាយបង្គំដល់ព្រះឯណា ក្រៅពីព្រះរបស់ខ្លួនឡើយ
29 ដូច្នេះ យើងចេញព្រះរាជបំរាមដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាថា បើអ្នកណានិយាយបង្ខុសពីព្រះនៃសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះគេនឹងត្រូវទុកជាទីបន្ទោបង់លាមក ពីព្រោះគ្មានព្រះឯណាទៀត ដែលអាចនឹងជួយ ឲ្យរួចយ៉ាងដូច្នេះ បានឡើយ
30 រួចមកស្តេចទ្រង់ក៏ដំឡើងងារដល់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នៅក្នុងខេត្តបាប៊ីឡូន។