ដានីយ៉ែល 7 KHOV

1 នៅ​ក្នុង​ឆ្នាំ​ដំបូង នៃ​បេល‌សាសារ ជា​ស្តេច​ក្រុង​បាប៊ី‌ឡូន នោះ​ដានី‌យ៉ែល​លោក​យល់‌សប្តិ ហើយ​ឃើញ​ការ​ជាក់​ស្តែង​នៅ​ក្នុង​ខួរ កំពុង​ដេក​លើ​ដំណេក រួច​ក៏​កត់​សប្តិ​នោះ​ទុក ហើយ​ប្រាប់​ដោយ​សង្ខេប​តាម​សេចក្ដី​ដែល​សំខាន់ៗ

2 ដានី‌យ៉ែល​លោក​បរិយាយ​ថា ខ្ញុំ​បាន​ឃើញ​ការ​ជាក់​ស្តែង​នៅ​ពេល​យប់​ដូច្នេះ ខ្យល់​ទាំង​៤​នៅ​លើ​អាកាស​ធ្លាក់​ចុះ​មក​លើ​មហា​សមុទ្រ

3 រួច​មាន​សត្វ​ធំ​៤​ឡើង​ចេញ​ពី​សមុទ្រ​មក មាន​សណ្ឋាន​ផ្សេងៗ​គ្នា

4 សត្វ​ទី​១​ដូច​ជា​សិង្ហ ហើយ​មាន​ស្លាប​ជា​ស្លាប​ឥន្ទ្រី ខ្ញុំ​បាន​គន់​មើល​ដរាប​ដល់​ចំអេង​ស្លាប​វា​ត្រូវ​ដក​ចេញ ហើយ​វា​ត្រូវ​លើក​ឡើង​ផុត​ពី​ដី ក៏​ដាក់​ឲ្យ​ឈរ​ជើង​២​ដូច​ជា​មនុស្ស ហើយ​បាន​ឲ្យ​វា​មាន​ចិត្ត​របស់​មនុស្ស​ដែរ

5 រួច​ឃើញ​សត្វ​១​ទៀត ជា​សត្វ​ទី​២ មាន​សណ្ឋាន​ជា​ខ្លា‌ឃ្មុំ ក៏​ឈរ​ចំខែង​ពាំ​ឆ្អឹង​ជំនី​៣​នៅ​ក្នុង​មាត់ ខាំ​ដោយ​ធ្មេញ ហើយ​មាន​គេ​ប្រាប់​ដល់​វា​ថា ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើនៗ​ទៅ

6 ក្រោយ​មក ខ្ញុំ​គន់​មើល​ទៅ​ឃើញ​សត្វ​១​ទៀត​មាន​សណ្ឋាន​ជា​ខ្លា​រខិន ឯ​នៅ​លើ​ខ្នង​វា មាន​ស្លាប​៤​នៃ​សត្វ​ហើរ ក៏​មាន​ក្បាល​៤​ដែរ ហើយ​មាន​អំណាច​គ្រប់‌គ្រង​ប្រគល់​ដល់​វា

7 លំដាប់​នោះ ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់ ខ្ញុំ​ក៏​ឃើញ​សត្វ​ទី​៤​ដែល​គួរ​ស្បើម គួរ​ស្ញែង​ខ្លាច ហើយ​មាន​កំឡាំង​យ៉ាង​ក្រៃលែង មាន​ធ្មេញ​ដែក​ធំៗ វា​ត្របាក់​លេប លំអិត​កំទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង សត្វ​នោះ​ផ្សេង​ពី​អស់​ទាំង​សត្វ​ដែល​មក​ជា​មុន​នោះ​ក៏​មាន​ស្នែង​១០

8 ខ្ញុំ​បាន​ពិចារណា​មើល​ស្នែង​ទាំង​នោះ ក៏​ឃើញ​មាន​ស្នែង​១​ទៀត ជា​ស្នែង​តូច ដុះ​ឡើង​នៅ​ជា​កណ្តាល នៅ​មុខ​វា​ស្នែង​ចាស់​៣​ត្រូវ​ដក​ចេញ​ទាំង​ឫស ហើយ​ឃើញ​ថា ស្នែង​១​នោះ​មាន​ភ្នែក ដូច​ជា​ភ្នែក​នៃ​មនុស្ស ក៏​មាន​មាត់​កំពុង​តែ​ពោល​យ៉ាង​ធំ។

9 ខ្ញុំ​ក៏​គន់​មើល ទាល់​តែ​មាន​គេ​យក​បល្ល័ង្ក មក​តាំង ហើយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​ចាស់​បុរាណ​ទ្រង់​ក៏​គង់​លើ ព្រះ‌ពស្ត្រ​ទ្រង់​ស‌ស្គុស​ដូច​ហិមៈ ហើយ​ព្រះ‌កេស​នៅ​ព្រះ‌សិរ​ទ្រង់ ក៏​ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត ឯ​បល្ល័ង្ក​ទ្រង់ នោះ​សុទ្ធ​តែ​ជា​អណ្តាត​ភ្លើង ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ក៏​ជា​ភ្លើង​ឆេះ​ដែរ

10 មាន​ដូច​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ទ្រង់​មក មាន​ទាំង​ពាន់​ទាំង​ពាន់​ដែល​គោរព​ដល់​ទ្រង់ ហើយ​ទាំង ម៉ឺន​ទាំង​សែន​ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ នោះ​ការ​វិនិច្ឆ័យ​បាន​រៀប‌ចំ​ជា​ស្រេច ឯ​បញ្ជី​ទាំង​ប៉ុន្មាន​បាន​បើក​ឡើង​ហើយ

11 ខណៈ​នោះ ខ្ញុំ​បាន​គន់​មើល ដោយ​ព្រោះ​សំឡេង​របស់​ស្នែង​១ ដែល​ពោល​យ៉ាង​ធំ​នោះ ក៏​មើល​ដរាប​ដល់​សត្វ នោះ​ត្រូវ​សំឡាប់​បង់ ហើយ​ខ្មោច​វា​ត្រូវ​បំផ្លាញ ព្រម​ទាំង​ប្រគល់​ដល់​ភ្លើង​ឲ្យ​ឆេះ​ផង

12 រីឯ​សត្វ​ឯ​ទៀត​ទាំង​នោះ អំណាច​គ្រប់​គ្រង​របស់​វា​ត្រូវ​ដក​ចេញ តែ​ជីវិត​វា​បាន​នៅ​ត​ទៅ​អស់​១​ពេល​ដល់​កំណត់។

13 ខ្ញុំ​ក៏​ឃើញ ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់​នោះ មាន​១​អង្គ​ដូច​ជា​មនុស្ស​ជាតិ ទ្រង់​យាង​មក​ក្នុង​ពពក​ឰដ៏​អាកាស ទ្រង់​យាង​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ

14 នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​គ្រប់‌គ្រង និង​សិរី‌ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ សាសន៍​ដទៃ និង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់ ឯ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នោះ​ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ទ្រង់​នឹង​បំផ្លាញ​មិន​បាន​ផង។

15 ឯ​ខ្ញុំ ដានី‌យ៉ែល ចិត្ត​ខ្ញុំ​កើត​មាន​សេចក្ដី​តប់‌ប្រមល់​នៅ​ក្នុង​ខ្លួន ហើយ​ការ​ជាក់​ស្តែង​ក្នុង​ខួរ​ខ្ញុំ ក៏​នាំ​ឲ្យ​ខ្ញុំ​វិតក្ក​ព្រួយ

16 ខ្ញុំ​ក៏​អែប​ចូល​ទៅ​ជិត​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ សួរ​ន័យ​ដ៏​ពិត​របស់​ការ​ទាំង​នោះ អ្នក​នោះ​ក៏​ប្រាប់​ដល់​ខ្ញុំ ព្រម​ទាំង​ទំលាយ​ន័យ​សេចក្ដី​ឲ្យ​ខ្ញុំ​យល់​ផង

17 ឯ​សត្វ​ធំ​ទាំង​៤​នោះ គឺ​ជា​ស្តេច​៤​អង្គ​ដែល​នឹង​កើត​ឡើង​នៅ​ផែនដី

18 តែ​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត គេ​នឹង​ទទួល​រាជ្យ​ហើយ​នឹង​បាន​រាជ្យ​នោះ​ជា​របស់​ផង​ខ្លួន​នៅ​ជានិច្ច គឺ​អស់‌កល្ប​ត​ទៅ

19 នោះ​ខ្ញុំ​ចង់​ដឹង​ន័យ​ពិត ពី​សត្វ​ទី​៤ ដែល​ផ្សេង​ពី​សត្វ​ឯ​ទៀត​នោះ ជា​សត្វ​ដែល​គួរ​ស្ញែង​ខ្លាច​ជា​ខ្លាំង​មាន​ធ្មេញ​ដែក និង​ក្រចក​លង្ហិន ដែល​ត្របាក់​លេប លំអិត​កំទេច ហើយ​ជាន់​ឈ្លី​សំណល់​ដោយ​ជើង

20 ក៏​ចង់​ដឹង​ពី​ដំណើរ​ស្នែង​១០ នៅ​លើ​ក្បាល​វា និង​ពី​ស្នែង​១​នោះ​ដែល​ដុះ​ឡើង​ជា​ខាង​ក្រោយ ហើយ​មាន​ស្នែង​៣​មុន​ដួល​នៅ​មុខ​វា គឺ​ជា​ស្នែង​១​នោះ​ដែល​មាន​ភ្នែក និង​មាត់​ពោល​យ៉ាង​ធំ ហើយ​ឫកពា​ក៏​មាំ​ជាង​ស្នែង​ឯ​ទៀត

21 ខ្ញុំ​គន់​មើល​ទៅ ឃើញ​ស្នែង​នោះ​ឯង បាន​ច្បាំង​នឹង​ពួក​បរិសុទ្ធ​ហើយ​ក៏​ឈ្នះ​ផង

22 ដរាប​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​បាន​យាង​មក នោះ​ការ​វិនិច្ឆ័យ​បាន​ប្រគល់​ដល់​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​កំណត់​ក៏​មក​ដល់ ដែល​ពួក​បរិសុទ្ធ​ត្រូវ​បាន​រាជ្យ​ជា​របស់​ផង​ខ្លួន។

23 អ្នក​នោះ​ក៏​ប្រាប់​ថា សត្វ​ទី​៤​នោះ គឺ​ជា​នគរ​ទី​៤​នៅ​លើ​ផែនដី ដែល​នឹង​ត្រូវ​ជា​ផ្សេង​ពី​អស់​ទាំង​នគរ ហើយ​នឹង​ត្របាក់​លេប​ផែនដី​ទាំង​មូល ក៏​នឹង​ជាន់​ពង្រាប​ដោយ​ជើង ព្រម​ទាំង​លំអិត​កំទេច​ផង

24 ឯ​ស្នែង​ទាំង​១០​នោះ គឺ​នឹង​មាន​ស្តេច​១០​អង្គ​កើត​ឡើង​ពី​នគរ​នោះ ហើយ​ក្រោយ​មក នឹង​មាន​១​ទៀត​កើត​ឡើង ដែល​នឹង​ប្លែក​ពី​ស្តេច​មុនៗ ក៏​នឹង​ទំលាក់​ស្តេច​៣​អង្គ​នោះ​ចុះ

25 ស្តេច​នោះ​នឹង​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​នឹង​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​ដែរ ព្រម​ទាំង​គិត​បំផ្លាស់​ពេល​កំណត់ និង​ច្បាប់​ផង ហើយ​គេ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​នោះ នៅ​១​ខួប​២​ខួប ហើយ​កន្លះ​ខួប

26 ប៉ុន្តែ​ការ​វិនិច្ឆ័យ​នឹង​បាន​រៀប‌ចំ​ជា​ស្រេច ហើយ​គេ​នឹង​ដក​អំណាច​វា​ចេញ ឲ្យ​ត្រូវ​បំផ្លាញ ហើយ​សាប‌សូន្យ​ទៅ​ដរាប​ដល់​ចុង​បំផុត

27 នោះ​រាជ្យ និង​អំណាច​គ្រប់‌គ្រង ព្រម​ទាំង​ភាព​រុងរឿង​ឧត្តម​នៃ​អស់​ទាំង​នគរ​នៅ​ក្រោម​មេឃ​ទាំង​មូល នឹង​បាន​ប្រគល់ ដល់​បណ្តា‌ជន ជា​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត រាជ្យ​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​គ្រប់​ទាំង​អំណាច​គ្រប់‌គ្រង​នឹង​ត្រូវ​គោរព​ដល់​ទ្រង់ ហើយ​ស្តាប់​បង្គាប់​ផង

28 ដំណើរ​នោះ​បាន​ចប់​ត្រឹម​ប៉ុណ្ណេះ ចំណែក​ខ្ញុំ ដានី‌យ៉ែល គំនិត​ខ្ញុំ​បាន​នាំ​ឲ្យ​ខ្ញុំ​វិតក្ក​ព្រួយ​ជា​ខ្លាំង ភាព​ខ្ញុំ​ក៏​ផ្លាស់​ប្រែ​ទៅ តែ​ខ្ញុំ​បាន​ទុក​ដំណើរ​នោះ​នៅ​តែ​ក្នុង​ចិត្ត​ទេ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12