12 ស្លឹកដើមនោះល្អមើល ហើយផ្លែក៏មានច្រើន ទុកជាអាហារសំរាប់គ្រប់ទាំងអស់ ឯសត្វនៅផែនដីបានមកជ្រកនៅក្រោមម្លប់ និងសត្វហើរលើអាកាសក៏ទំនៅមែក គ្រប់ទាំងសាច់បានអាហារចិញ្ចឹមខ្លួនពីនោះមក
13 ក្នុងការជាក់ស្តែងនៅលើដំណេក នោះយើងបានឃើញក្នុងខួរថា មានពួកពិនិត្យត្រួតមើល១រូប និងពួកបរិសុទ្ធ១ចុះពីស្ថានសួគ៌មក
14 ក៏បន្លឺឡើងជាខ្លាំងថា ចូរកាប់ដើមឈើនោះចុះ ត្រូវឲ្យកាប់ផ្តាច់មែកចេញ ព្រមទាំងអង្រួនជំរុះស្លឹក ហើយកំចាត់កំចាយផលផង ត្រូវឲ្យសត្វទាំងប៉ុន្មានចេញពីក្រោម ហើយសត្វស្លាបពីមែកវាទៅ
15 ប៉ុន្តែត្រូវឲ្យទុកគល់ និងឫសនៅជាប់ក្នុងដីចុះ មានទាំងវ័ណ្ឌដែក និងលង្ហិនព័ទ្ធជុំវិញនៅក្នុងស្មៅខ្ចីនៅវាលដែរ ហើយត្រូវឲ្យបានទទឹកដោយសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែកនៅក្នុងស្មៅនៃផែនដី ជាមួយនឹងអស់ទាំងសត្វផង
16 ត្រូវឲ្យចិត្តវាបានផ្លាស់ប្រែពីសណ្ឋានចិត្តមនុស្ស ឲ្យទៅជាចិត្តរបស់សត្វវិញ រួចឲ្យនៅយ៉ាងនោះ ដរាបដល់កន្លងទៅអស់៧ខួប
17 ទោសនេះ គឺជាពួកពិនិត្យត្រួតមើលដែលកាត់ឲ្យ ហើយសេចក្ដីនេះក៏តាមបង្គាប់នៃពួកបរិសុទ្ធ ប្រយោជន៍ឲ្យមនុស្សដែលនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ក៏ប្រគល់ដល់អ្នកណាតាមព្រះហឫទ័យ ព្រមទាំងតាំងមនុស្សសណ្ឋានទាបថោកបំផុតឡើង ឲ្យគ្រប់គ្រងផង
18 យើងនេះ ជាស្តេចនេប៊ូក្នេសា បានឃើញសុបិននេះ ដូច្នេះ ឱបេលថិស្សាសារអើយ ចូរកាត់ស្រាយទៅពីព្រោះអស់ទាំងពួកអ្នកប្រាជ្ញក្នុងនគរយើង មិនអាចនឹងកាត់ស្រាយឲ្យយើងបានយល់ទេ តែអ្នកអាចស្រាយបានវិញ ដ្បិតវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅលើអ្នក។