1 នេះជាពាក្យរបស់នេហេមា ជាកូនហាកាលា។នៅខែមិគសិរឆ្នាំទី២០ ក្នុងរាជ្យអើថាស៊ើកសេស ដ៏ជាស្តេច កំពុងដែលខ្ញុំនៅស៊ូសាន ជាព្រះរាជវាំង
2 នោះហាណានី ជាពួកបងប្អូនខ្ញុំ និងមនុស្សខ្លះទៀត ក៏មកដល់ពីស្រុកយូដា ហើយខ្ញុំសួរគេពីដំណើរពួកសាសន៍យូដា ដែលបានរួច ជាពួកអ្នកដែលសល់ ពីអស់អ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ហើយពីដំណើរក្រុងយេរូសាឡិមផង
3 គេប្រាប់មកខ្ញុំថា ឯពួកអ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ដែលសល់នៅក្នុងខេត្តនោះ គេមានសេចក្តីវេទនា ហើយត្រូវសេចក្តីត្មះតិះដៀលជាខ្លាំង ចំណែកកំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង។
4 កាលខ្ញុំឮពាក្យទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយអធិស្ឋាន នៅចំពោះព្រះនៃស្ថានសួគ៌ថា
5 ឱព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្តីសញ្ញា និងសេចក្តីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមអស់ទាំងក្រឹត្យក្រមរបស់ទ្រង់អើយ
6 សូមទ្រង់ផ្ទៀងព្រះកាណ៌មកឥឡូវ ហើយបើកព្រះនេត្រទតមក ដើម្បីឲ្យបានស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ជាអ្នកបំរើទ្រង់ ដែលអធិស្ឋានដល់ទ្រង់ ទាំងយប់ទាំងថ្ងៃក្នុងគ្រានេះ ពីដំណើរពួកកូនចៅអ៊ីស្រាអែល ជាពួកបំរើទ្រង់ ដោយលន់តួបាបរបស់ពួកកូនចៅអ៊ីស្រាអែល ដែលយើងខ្ញុំរាល់គ្នាបានប្រព្រឹត្តនឹងទ្រង់ គឺទាំងខ្លួនទូលបង្គំ និងវង្សរបស់អយ្យកោទូលបង្គំបានធ្វើបាបផង