នេហេមា 5 KHOV

នេហេមា​រក​យុត្តិ‌ធម៌​ឲ្យ​បណ្តា‌ជន​ដែល​ត្រូវ​អ្នក​ធំ​ជិះ​ជាន់

1 នៅ​គ្រា​នោះ មាន​សូរ​សំរែក​ជា​ខ្លាំង​នៃ​ពួក​ជន និង​ប្រពន្ធ​គេ កើត​ឡើង​ទាស់​នឹង​ពួក​បង​ប្អូន ជា​សាសន៍​យូដា

2 មាន​ខ្លះ​និយាយ​ថា ពួក​យើង​ខ្ញុំ និង​កូន​ប្រុស​កូន​ស្រី​យើង​ខ្ញុំ មាន​គ្នា​ច្រើន សូម​ឲ្យ​យើង​បាន​អាហារ ដើម្បី​ទទួល​ទាន ហើយ​រស់​នៅ

3 មាន​ខ្លះ​ទៀត​ថា យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចំការ និង​ផ្ទះ‌សំបែង​របស់​យើង​ខ្ញុំ​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​បាន​អាហារ​ទទួល​ទាន នៅ​គ្រា​អំណត់​នេះ​ផង

4 ហើយ​មាន​ខ្លះ​ផ្សេង​ទៀត​ថា យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចំការ​របស់​យើង​ខ្ញុំ ដើម្បី​យក​ប្រាក់​បង់​ពន្ធ​ថ្វាយ​ស្តេច

5 ប៉ុន្តែ យើង​ខ្ញុំ និង​ពួក​បង​ប្អូន​នោះ មាន​សាច់​ដូច​គ្នា កូន​ចៅ​យើង​ខ្ញុំ ក៏​ដូច​ជា​កូន​ចៅ​របស់​គេ​ដែរ តែ​មើល យើង​ខ្ញុំ​នាំ​ឲ្យ​កូន​ប្រុស​កូន​ស្រី​យើង​ខ្ញុំ​ទៅ​ជា​ខ្ញុំ​គេ ហើយ​កូន​ស្រី​របស់​យើង​ខ្ញុំ ខ្លះ​ក៏​បាន​ជាប់​ជា​ខ្ញុំ​គេ​ហើយ យើង​ខ្ញុំ​ក៏​ចៀស​មិន​រួច​ដែរ ដ្បិត​អ្នក​ឯ​ទៀត​បាន​ស្រែ​ចំការ របស់​យើង​ខ្ញុំ​ទៅ​ហើយ។

6 កាល​ខ្ញុំ​បាន​ឮ​សំរែក​របស់​គេ និង​ពាក្យ​ទាំង​នោះ​ហើយ នោះ​ខ្ញុំ​ក៏​មាន​ចិត្ត​ឈឺ‌ចាប់​ជា​ខ្លាំង

7 ខ្ញុំ​ក៏​ពិចារណា​ក្នុង​ខ្លួន រួច​បន្ទោស​ដល់​ពួក​អ្នក​ធំ និង​ពួក​មេ​ទាំង​ប៉ុន្មាន​ដោយ​ពាក្យ​ថា អ្នក​រាល់​គ្នា​តែង​តែ​យក​ការ គឺ​គ្រប់​គ្នា​យក​ពី​ពួក​បង​ប្អូន​ផង ខ្ញុំ​ក៏​ប្រជុំ​ជំនុំ​យ៉ាង​ធំ​ទាស់​នឹង​គេ

8 រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា តាម​កំឡាំង​របស់​យើង​រាល់​គ្នា នោះ​យើង​បាន​លោះ​ពួក​បង​ប្អូន​ជា​សាសន៍​យូដា ដែល​ត្រូវ​លក់​ដល់​សាសន៍​ដទៃ ឲ្យ​រួច​មក​វិញ ចុះ​តើ​អ្នក​រាល់​គ្នា​ចង់​លក់​បង​ប្អូន​ខ្លួន​ទៀត​ឬ​អី ដែល​នឹង​លក់​គេ​ក្នុង​ពួក​គ្នា​យើង នោះ​តើ​គួរ​គប្បី​ដែល​ឬ ដូច្នេះ គេ​ក៏​ស្ងៀម​នៅ រក​ឆ្លើយ​មិន​បាន

9 ខ្ញុំ​ក៏​និយាយ​ថា ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​នេះ​មិន​ល្អ​ទេ គួរ​គប្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត ដោយ​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ​ទេ​តើ គឺ​ដោយ​ព្រោះ​សេចក្តី​ត្មះ‌តិះដៀល​នៃ​ពួក​សាសន៍​ដទៃ ជា​ខ្មាំង​សត្រូវ​យើង

10 ចំណែក​ខ្ញុំ ពួក​បង​ប្អូន និង​ពួក​អ្នក​បំរើ​ខ្ញុំ ក៏​អាច​នឹង​ឲ្យ​គេ​ខ្ចី​ប្រាក់ និង​ស្រូវ ឲ្យ​បាន​ការ​ដូច​គ្នា​បាន​ដែរ ដូច្នេះ ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់​គ្នា​លែង​យក​ការ​ទៅ

11 សូម​ប្រគល់​ស្រែ​ចំការ ដំណាំ និង​ផ្ទះ​គេ​ទៅ​គេ​វិញ នៅ​ថ្ងៃ​នេះ​ឯង ព្រម​ទាំង​១​ភាគ​ក្នុង​១០០​នៃ​ប្រាក់ ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​ដែល​អ្នក​រាល់​គ្នា​បាន​យក​ការ​ពី​គេ​ផង

12 នោះ​គេ​ឆ្លើយ​ថា យើង​ខ្ញុំ​នឹង​ប្រគល់​ទៅ​វិញ ហើយ​នឹង​លែង​យក​ការ​ពី​គេ​ត​រៀង​ទៅ យើង​ខ្ញុំ​នឹង​ធ្វើ​ដូច​ជា​លោក​មាន​ប្រសាសន៍ រួច​ខ្ញុំ​ហៅ​ពួក​សង្ឃ​មក ចាប់​ឲ្យ​អ្នក​ទាំង​នោះ​ស្បថ​ថា នឹង​ធ្វើ​តាម​ពាក្យ​សន្យា​នោះ

13 ខ្ញុំ​ក៏​រលាស់​ថ្នក់​អាវ​ខ្ញុំ​ពោល​ថា បើ​អ្នក​ណា​មិន​ប្រព្រឹត្ត​តាម​ពាក្យ​សន្យា​នេះ នោះ​សូម​ឲ្យ​ព្រះ​រលាស់​អ្នក​នោះ ចេញ​ពី​ផ្ទះ និង​ពី​ការ​របស់​ខ្លួន​យ៉ាង​នេះ​ដែរ សូម​តែ​ឲ្យ​គេ​រលាស់​ចេញ​ចុះ ហើយ​ចោល​នៅ​ទទេ​ផង ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា អាម៉ែន ហើយ​គេ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា រួច​ក៏​ធ្វើ​តាម​ពាក្យ​សន្យា​នោះ។

14 រីឯ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ស្តេច​បាន​តាំង​ខ្ញុំ​ឡើង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ​នៅ​ស្រុក​យូដា គឺ​ពី​ឆ្នាំ​ទី​២០​ដរាប​ដល់​ឆ្នាំ​៣២ ក្នុង​រាជ្យ​ស្តេច​អើថា‌ស៊ើក‌សេស រួម​ជា​១២​ឆ្នាំ នោះ​ខ្ញុំ និង​បង​ប្អូន​ខ្ញុំ​មិន​បាន​ទទួល​ទាន​ភោជ‌នាហារ ដោយ​អាង​បុណ្យ​ជា​ចៅ‌ហ្វាយ​នោះ​ទេ

15 ឯ​ពួក​ចៅ‌ហ្វាយ​ដែល​នៅ​មុន​ខ្ញុំ នោះ​បាន​នៅ​ដោយ‌សារ​ពួក​រាស្ត្រ គេ​បាន​ទារ​យក​អាហារ និង​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​ពី​រាស្ត្រ ព្រម​ទាំង​ប្រាក់​៤០​រៀង​ផង អើ សូម្បី​តែ​ពួក​អ្នក​បំរើ​របស់​គេ​ក៏​មាន​អំណាច​លើ​បណ្តា‌ជន​ដែរ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ដោយ​មាន​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ​វិញ

16 ប្រការ​មួយ​ទៀត ខ្ញុំ​បាន​នៅ​ជាប់​នឹង​ការ​សង់​កំផែង​នេះ​ឡើង​ដែរ យើង​រាល់​គ្នា​មិន​បាន​ទាំង​ទិញ​ដី​ឯ​ណា​ផង ហើយ​ពួក​បំរើ​របស់​ខ្ញុំ​បាន​មូល​មក ជួយ​ធ្វើ​ការ​នេះ​ដែរ

17 ហើយ​នេះ​ទៀត មាន​ពួក​យូដា និង​ពួក​នាយ​ដំរួត​១៥០​នាក់ បរិភោគ​អាហារ​នៅ​តុ​ខ្ញុំ​ផង ឥត​រាប់​ពួក​អ្នក​ដែល​មក​ឯ​យើង​រាល់​គ្នា ពី​ពួក​សាសន៍​ដទៃ​នៅ​ជុំវិញ​ឡើយ

18 រីឯ​ភោជ‌នាហារ​ដែល​ត្រូវ​រៀប​ក្នុង​១​ថ្ងៃ នោះ​គឺ​គោ​១ និង​ចៀម​សំរាំង​៦ ព្រម​ទាំង​សត្វ​បក្សី ដែល​គេ​រៀប​ឲ្យ​ខ្ញុំ​ដែរ ហើយ​ក្នុង​១០​ថ្ងៃ នោះ​គេ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​គ្រប់​យ៉ាង​មក​១​ដង ប៉ុន្តែ​ទុក​ជា​ច្រើន​ដល់​ម៉្លេះ គង់​តែ​ខ្ញុំ​មិន​បាន​អាង​បុណ្យ​ជា​ចៅ‌ហ្វាយ និង​ទារ​ភោជ‌នាហារ​ដែរ ពី​ព្រោះ​ពួក​បណ្តា‌ជន​មាន​បន្ទុក​ធ្ងន់​ណាស់​ទៅ​ហើយ

19 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​នឹក‌រឮក ដោយ​ចំរើន​ព្រះ‌គុណ​ដល់​ទូល‌បង្គំ​ផង ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្តី ដែល​ទូល‌បង្គំ​បាន​អនុ‌គ្រោះ​ដល់​បណ្តា‌ជន​នេះ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13