នេហេមា 2 KHOV

នេហេមា​ធ្វើ​ដំណើរ​ទី​ក្រុង​យេរូ‌សាឡិម

1 លុះ​ដល់​ខែ​ចេត្រ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​របស់​ស្តេច​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ថ្វាយ​ដល់​ទ្រង់ ឯ​ពី​មុន ខ្ញុំ​មិន​ដែល​មាន​សេចក្តី​ព្រួយ នៅ​ចំពោះ​ទ្រង់​ឡើយ

2 ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា អ្នក​ឥត​មាន​ឈឺ​សោះ ហេតុ​អ្វី​បាន​ជា​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ នេះ​កើត​តែ​ពី​សេចក្តី​ទុក្ខ​ក្នុង​ចិត្ត​ទេ នោះ​ខ្ញុំ​ក៏​ភ័យ​ខ្លាច​ណាស់

3 តែ​ខ្ញុំ​ទូល​ដល់​ស្តេច​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្តី​ចំរើន​ចុះ ធ្វើ​ដូច​ម្តេច​មិន​ឲ្យ​ទូល‌បង្គំ​មាន​ទឹក​មុខ​ព្រួយ​បាន បើ​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច​របស់​ពួក​អយ្យកោ​របស់​ទូល‌បង្គំ​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក៏​ឆេះ​អស់​ហើយ​ដូច្នេះ

4 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា ដូច្នេះ តើ​អ្នក​ចង់​បាន​អ្វី ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌

5 រួច​ខ្ញុំ​ទូល​ដល់​ស្តេច​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​យ៉ាង​នេះ ហើយ​បើ​ទ្រង់​អាណិត​មេត្តា​ដល់​ទូល‌បង្គំ នោះ​សូម​ទ្រង់​ចាត់​ទូល‌បង្គំ ឲ្យ​ទៅ​ឯ​ស្រុក​យូដា ដល់​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច របស់​អយ្យកោ​ទូល‌បង្គំ ឲ្យ​បាន​សង់​ទី​ក្រុង​នោះ​ឡើង​វិញ​ចុះ

6 ឯ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ កំពុង​ដែល​អគ្គ‌មហេសី​គង់​នៅ​ក្បែរ​ទ្រង់​ថា តើ​អ្នក​ចង់​ទៅ​ជា​យូរ​ប៉ុន្មាន កាល​ណា​នឹង​ត្រឡប់​មក​វិញ ដូច្នេះ ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​ចាត់​ឲ្យ​ខ្ញុំ​ទៅ ហើយ​ខ្ញុំ​ក៏​កំណត់​ពេល​ថ្វាយ​ទ្រង់​ជ្រាប

7 មួយ​ទៀត ខ្ញុំ​បាន​ទូល​ដល់​ស្តេច​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ នោះ​សូម​ឲ្យ​ទូល‌បង្គំ​បាន​ព្រះ‌រាជ‌សាសន៍​កាន់​យក​ទៅ ជូន​ពួក​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ឲ្យ​លោក​បាន​បើក​ឲ្យ​ទូល‌បង្គំ​ឆ្លង​ទៅ រហូត​ដល់​ស្រុក​យូដា

8 និង​ព្រះ‌រាជ‌សាសន៍​មួយ​ច្បាប់​ដល់​អេសាភ ជា​មេ​ព្រៃ​ហ្លួង ឲ្យ​លោក​បាន​បើក​ឈើ​ដល់​ទូល‌បង្គំ សំរាប់​ធ្វើ​ធ្នឹម​ទ្វារ​បន្ទាយ ដែល​នៅ​ក្បែរ​ព្រះ‌វិហារ និង​ទ្វារ​កំផែង​នៃ​ទី​ក្រុង ហើយ​សំរាប់​ផ្ទះ ដែល​ទូល‌បង្គំ​ត្រូវ​អាស្រ័យ​នៅ​ផង ស្តេច​ក៏​អនុញ្ញាត​ឲ្យ តាម​ដែល​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ​បាន​សណ្ឋិត​លើ​ខ្ញុំ

9 រួច​មក​ខ្ញុំ​បាន​ទៅ​ដល់​ពួក​ចៅ‌ហ្វាយ នៅ​ខាង​នាយ​ទន្លេ ជូន​ព្រះ‌រាជ‌សាសន៍​នោះ​ដល់​គេ ឯ​ស្តេច​ទ្រង់​បាន​ចាត់​មេ‌ទ័ព និង​ទ័ព​សេះ ឲ្យ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ

10 ដូច្នេះ កាល​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា សាសន៍​អាំម៉ូន ជា​អ្នក​ជំនិត​លោក​បាន​ឮ​ហើយ សេចក្តី​នោះ​ក៏​នាំ​ឲ្យ​ទំនាស់​ចិត្ត​គេ​ជា​ខ្លាំង ដោយ​ព្រោះ​មាន​មនុស្ស​មក បំរុង​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សណ្ឋាន​ល្អ​ឡើង។

នេហេមា​ពិនិត្យ​មើល​កំពែង​ក្រុង​យេរូ‌សាឡិម

11 យ៉ាង​នោះ ខ្ញុំ​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ក៏​នៅ​ទី​នោះ​អស់​៣​ថ្ងៃ

12 រួច​ខ្ញុំ និង​អ្នក​ខ្លះ​ឯ​ទៀត​ក៏​ក្រោក​ឡើង​ជា​មួយ​គ្នា​នៅ​ពេល​យប់ តែ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង ពី​ការ​ដែល​ព្រះ​នៃ​ខ្ញុំ ទ្រង់​បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​សំរាប់​ក្រុង​យេរូ‌សាឡិម​ឡើយ ក៏​គ្មាន​សត្វ​ណា​នៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ លើក​តែ​សត្វ​មួយ​ដែល​ខ្ញុំ​ជិះ​ប៉ុណ្ណោះ

13 ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​យប់ តាម​ទ្វារ​ច្រក​ភ្នំ ដំរង់​ទៅ​ឯ​អណ្តូង​នាគ ដល់​ទ្វារ​សំរាម ពិនិត្យ​មើល​កំផែង​ក្រុង​យេរូ‌សាឡិម ដែល​បាក់​បែក និង​ទ្វារ​ទាំង​ប៉ុន្មាន​ដែល​ឆេះ​ហើយ

14 រួច​ខ្ញុំ​ក៏​ហួស​ទៅ​ដល់​ទ្វារ​ក្បាល​ទឹក និង​ស្រះ​ហ្លួង តែ​គ្មាន​ផ្លូវ​ឲ្យ​សត្វ​ដែល​ខ្ញុំ​ជិះ​ដើរ​ទៅ​បាន​ទេ

15 ដូច្នេះ ខ្ញុំ​ក៏​ឡើង​ទៅ​តាម​ជ្រោះ​ទឹក បាន​ពិនិត្យ​មើល​កំផែង​ទាំង​យប់ រួច​វិល​ទៅ​ចូល​តាម​ទ្វារ​ច្រក​ភ្នំ​យ៉ាង​នោះ​បាន​ដល់​ផ្ទះ​វិញ

16 ឯ​ពួក​ដំរួត​ទី​ក្រុង ឥត​បាន​ដឹង​ជា​ខ្ញុំ​ទៅ​ឯ​ណា ឬ​បាន​ធ្វើ​អ្វី​ទេ ខ្ញុំ​ក៏​មិន​ទាន់​បាន​ប្រាប់​ដល់​ពួក​យូដា ពួក​សង្ឃ ឬ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ពួក​ដំរួត ឬ​ពួក​អ្នក​ឯ​ទៀត ដែល​រក​ស៊ី​ធ្វើ​ការ នៅ​ឡើយ​ដែរ។

17 រួច​មក ខ្ញុំ​និយាយ​នឹង​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​សណ្ឋាន​អាក្រក់​របស់​យើង​រាល់​គ្នា​នេះ ហើយ​ថា ក្រុង​យេរូ‌សាឡិម​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន​ភ្លើង​ឆេះ​អស់ ដូច្នេះ ចូរ​មក យើង​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង ដើម្បី​កុំ​ឲ្យ​មាន​គេ​ត្មះ‌តិះដៀល​ដល់​យើង​ទៀត

18 រួច​ខ្ញុំ​និយាយ​ប្រាប់​គេ ពី​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ ដែល​សណ្ឋិត​នៅ​លើ​ខ្ញុំ និង​ពី​ព្រះ‌បន្ទូល​នៃ​ស្តេច ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច្នេះ គេ​ក៏​និយាយ​ឡើង​ថា ចូរ​យើង​លើក​គ្នា​ធ្វើ​ឡើង យ៉ាង​នោះ​គេ​បាន​ចំរើន​កំឡាំង​គ្នា ដើម្បី​នឹង​ធ្វើ​ការ​ល្អ​នោះ

19 តែ​កាល​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា សាសន៍​អាំម៉ូន ជា​ជំនិត​លោក ហើយ​កេសែម ជា​សាសន៍​អារ៉ាប់ បាន​ឮ នោះ​គេ​ក៏​សើច​ចំអក ហើយ​មើល‌ងាយ​ដល់​យើង​ថា តើ​ឯង​រាល់​គ្នា​ធ្វើ​អ្វី​នេះ តើ​គិត​បះ‌បោរ​នឹង​ស្តេច​ឬ​អី

20 ខ្ញុំ​ក៏​ឆ្លើយ​ទៅ​គេ​ថា ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​នឹង​ជួយ​ចំរើន​ដល់​យើង​រាល់​គ្នា ហេតុ​នោះ យើង​រាល់​គ្នា ជា​ពួក​បំរើ​ទ្រង់​នឹង​លើក​គ្នា​ឡើង​ធ្វើ តែ​ឯ​អ្នក​រាល់​គ្នា​វិញ គ្មាន​ចំណែក គ្មាន​ច្បាប់ ឬ​ទី​នឹក‌រឮក​នៅ​ក្រុង​យេរូ‌សាឡិម​ឡើយ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13