3 គេប្រាប់មកខ្ញុំថា ឯពួកអ្នកដែលត្រូវដឹកនាំទៅជាឈ្លើយ ដែលសល់នៅក្នុងខេត្តនោះ គេមានសេចក្តីវេទនា ហើយត្រូវសេចក្តីត្មះតិះដៀលជាខ្លាំង ចំណែកកំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង។
4 កាលខ្ញុំឮពាក្យទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយអធិស្ឋាន នៅចំពោះព្រះនៃស្ថានសួគ៌ថា
5 ឱព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្តីសញ្ញា និងសេចក្តីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមអស់ទាំងក្រឹត្យក្រមរបស់ទ្រង់អើយ
6 សូមទ្រង់ផ្ទៀងព្រះកាណ៌មកឥឡូវ ហើយបើកព្រះនេត្រទតមក ដើម្បីឲ្យបានស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ជាអ្នកបំរើទ្រង់ ដែលអធិស្ឋានដល់ទ្រង់ ទាំងយប់ទាំងថ្ងៃក្នុងគ្រានេះ ពីដំណើរពួកកូនចៅអ៊ីស្រាអែល ជាពួកបំរើទ្រង់ ដោយលន់តួបាបរបស់ពួកកូនចៅអ៊ីស្រាអែល ដែលយើងខ្ញុំរាល់គ្នាបានប្រព្រឹត្តនឹងទ្រង់ គឺទាំងខ្លួនទូលបង្គំ និងវង្សរបស់អយ្យកោទូលបង្គំបានធ្វើបាបផង
7 យើងខ្ញុំបានប្រព្រឹត្តនឹងទ្រង់ ដោយខូចអាក្រក់ជាខ្លាំង ឥតរក្សាក្រឹត្យក្រម សេចក្តីបញ្ញត្ត និងសេចក្តីយុត្តិធម៌របស់ទ្រង់ ដែលបានបង្គាប់មកដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់ឡើយ
8 សូមទ្រង់នឹកចាំពីព្រះបន្ទូល ដែលទ្រង់បានបង្គាប់ដល់លោកម៉ូសេ ជាអ្នកបំរើទ្រង់ថា បើឯងរាល់គ្នាប្រព្រឹត្តរំលង នោះអញនឹងកំចាត់កំចាយឯង ឲ្យទៅនៅក្នុងអស់ទាំងសាសន៍
9 តែបើឯងរាល់គ្នាវិលមកឯអញ ព្រមទាំងរក្សា ហើយប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមរបស់អញវិញ នោះទោះបើពួកនិរទេសរបស់ឯងបានត្រូវខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ គង់តែអញនឹងប្រមូលគេពីនោះ នាំមកឯកន្លែង ដែលអញបានរើស សំរាប់ឲ្យឈ្មោះអញសណ្ឋិតនៅវិញ