1 នៅថ្ងៃនោះឯង គេបានអានមើលក្នុងគម្ពីរលោកម៉ូសេ នៅចំពោះបណ្តាជន ហើយគេប្រទះឃើញសេចក្តីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន និងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះឡើយ
2 ដោយព្រោះគេមិនបានរាក់ទាក់ទទួលពួកកូនចៅអ៊ីស្រាអែល ដោយនំបុ័ង និងទឹកទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្តាសាដល់គេវិញ ប៉ុន្តែព្រះនៃយើងរាល់គ្នា ទ្រង់បានបំផ្លាស់សេចក្តីបណ្តាសានោះ ឲ្យទៅជាពរវិញ
3 ដូច្នេះ កាលគេបានឮក្រឹត្យវិន័យនោះហើយ គេក៏ញែកពួកលាយពូជចេញពីសាសន៍អ៊ីស្រាអែលទៅ។
4 រីឯកាលមុនដំណើរនេះ អេលីយ៉ាស៊ីបដ៏ជាសង្ឃដែលបានតាំងឡើង ឲ្យត្រួតលើបន្ទប់ព្រះវិហាររបស់ព្រះនៃយើងរាល់គ្នា លោកបានភ្ជាប់ញាតិនឹងថូប៊ីយ៉ា
5 ដូច្នេះ លោកបានរៀបចំបន្ទប់ធំ១ ទុកសំរាប់ថូប៊ីយ៉ា ជាបន្ទប់ដែលពីដើមគេដាក់ដង្វាយម្សៅ កំញាន គ្រឿងប្រដាប់ទាំងប៉ុន្មាន និងដង្វាយ១ភាគក្នុង១០ ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ដែលគេយកមកថ្វាយ តាមបង្គាប់សំរាប់ពួកលេវី ពួកចំរៀង និងពួកឆ្មាំទ្វារ ព្រមទាំងដង្វាយលើកចុះឡើង សំរាប់ពួកសង្ឃដែរ
6 តែនៅអស់រវាងវេលានោះ ខ្ញុំមិនបាននៅក្រុងយេរូសាឡិមទេ ដ្បិតនៅឆ្នាំទី៣២ក្នុងរាជ្យអើថាស៊ើកសេស ជាស្តេចបាប៊ីឡូន នោះខ្ញុំបានវិលទៅឯស្តេច រួចក្រោយយូរបន្តិចមក ខ្ញុំបានសូមច្បាប់ស្តេចឲ្យបានមកវិញ
7 កាលខ្ញុំមកដល់ក្រុងយេរូសាឡិមហើយ នោះខ្ញុំឃើញការអាក្រក់ ដែលអេលីយ៉ាស៊ីបបានធ្វើ ដោយរៀបចំបន្ទប់១សំរាប់ថូប៊ីយ៉ា នៅក្នុងទីលានព្រះវិហារនៃព្រះ
8 ការនោះបានទំនាស់ចិត្តខ្ញុំជាខ្លាំង ហេតុនោះខ្ញុំក៏យកអស់ទាំងប្រដាប់ប្រដារបស់ថូប៊ីយ៉ា បោះទៅខាងក្រៅបន្ទប់ចេញ
9 ខ្ញុំក៏បង្គាប់ឲ្យគេសំអាតបន្ទប់ រួចខ្ញុំយកគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះ ព្រមទាំងដង្វាយម្សៅ និងកំញាន ទៅដាក់ទុកក្នុងនោះវិញ។
10 ខ្ញុំក៏យល់ឃើញថាគេមិនបានចែកចំណែកឲ្យដល់ពួកលេវីទេ បានជាពួកលេវី និងពួកចំរៀង ដែលធ្វើការងារ គេបានរត់ទៅឯស្រែចំការរបស់ខ្លួនវិញ
11 ដូច្នេះ ខ្ញុំបានតវ៉ាដល់ពួកមេថា ហេតុអ្វីបានជាបោះបង់ចោលព្រះវិហារនៃព្រះដូច្នេះ រួចខ្ញុំក៏ប្រមូលពួកលេវី មកតាំងទុកនៅដំណែងរបស់គេវិញ
12 ហើយពួកយូដាទាំងអស់គ្នា គេយកដង្វាយ១ភាគក្នុង១០ ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេងមកដាក់ក្នុងឃ្លាំង
13 ហើយខ្ញុំក៏តាំងឲ្យមានពួកអ្នកត្រួតលើឃ្លាំងទាំងនោះ គឺសេលេមាដ៏ជាសង្ឃ ស្មៀនសាដុក ហើយពេដាយ៉ា ជាពួកលេវី បន្ទាប់មកមានហាណាន ជាកូនសាគើរ ដែលជាកូនម៉ាថានា ដ្បិតអ្នកទាំងនោះបានរាប់ជាមនុស្សស្មោះត្រង់ ហើយការងាររបស់គេ គឺជាអ្នកចែកចំណែកដល់បងប្អូនខ្លួន
14 ឱព្រះនៃទូលបង្គំអើយ សូមនឹករឭកដល់ទូលបង្គំ ពីដំណើរការងារនេះផង សូមកុំលុបអំពើល្អដែលទូលបង្គំបានធ្វើ សំរាប់ព្រះវិហាររបស់ព្រះនៃទូលបង្គំ និងសំរាប់ការដែលត្រូវធ្វើក្នុងទីនោះចេញឡើយ។
15 នៅគ្រានោះ ខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងតែជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃឈប់សំរាក ព្រមទាំងដឹកកណ្តាប់ស្រូវចូលមក និងផ្ទុកសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា និងបន្ទុកគ្រប់មុខដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាក ខ្ញុំបានធ្វើបន្ទាល់ដល់គេ នៅថ្ងៃដែលគេលក់ស្បៀងអាហារ
16 ក៏មានមនុស្សពីក្រុងទីរ៉ុស នៅក្នុងទីក្រុងដែរ គេតែងយកត្រី និងទំនិញគ្រប់មុខ មកលក់ឲ្យពួកកូនចៅយូដា នៅក្នុងក្រុងយេរូសាឡិមក្នុងថ្ងៃឈប់សំរាក
17 នោះខ្ញុំតវ៉ាដល់ពួកអ្នកធំនៃសាសន៍យូដាថា ហេតុដូចម្តេចបានជាអ្នករាល់គ្នាបង្អាប់ដល់ថ្ងៃឈប់សំរាក
18 ដោយប្រព្រឹត្តអំពើអាក្រក់យ៉ាងនេះធ្វើអី ឯពួកអយ្យកោរបស់អ្នករាល់គ្នា តើមិនបានធ្វើដូច្នេះទេឬអី ហេតុនោះបានជាព្រះនៃយើងរាល់គ្នា ទ្រង់បាននាំអស់ទាំងសេចក្តីអាក្រក់នេះ មកលើយើងនឹងលើទីក្រុងនេះផង ប៉ុន្តែ អ្នករាល់គ្នានាំឲ្យមានសេចក្តីក្រោធ មកលើពួកអ៊ីស្រាអែលថែមទៀត ដោយបង្អាប់ដល់ថ្ងៃឈប់សំរាកដូច្នេះ។
19 ក្រោយនោះមក កាលណាអស់ទាំងទ្វារនៃក្រុងយេរូសាឡិម ចាប់តាំងងងឹត ហៀបនឹងចូលថ្ងៃឈប់សំរាកហើយ នោះខ្ញុំក៏បង្គាប់ឲ្យបិទទ្វារ ហើយហាមមិនឲ្យបើកដរាបដល់ផុតថ្ងៃឈប់សំរាកនោះ ខ្ញុំក៏ដាក់ពួកអ្នកបំរើរបស់ខ្ញុំខ្លះ ឲ្យត្រួតលើទ្វារទាំងប៉ុន្មាន ដើម្បីកុំឲ្យមានអ្នកណាយកបន្ទុកអ្វី ចូលមកនៅថ្ងៃឈប់សំរាកឡើយ
20 នោះពួកឈ្មួញ និងពួកអ្នកដែលលក់ដូរផ្សេងៗ ក៏ដេកនៅខាងក្រៅក្រុងយេរូសាឡិមម្តងពីរដែរ
21 រួចខ្ញុំបានធ្វើបន្ទាល់ដល់គេថា អ្នករាល់គ្នាដេកនៅក្បែរកំផែងនេះធ្វើអី បើនៅតែធ្វើដូច្នេះទៀត នោះខ្ញុំនឹងចាប់អ្នករាល់គ្នាហើយ តាំងពីនោះតទៅ គេក៏លែងមកនៅថ្ងៃឈប់សំរាកទៀត
22 ខ្ញុំក៏បង្គាប់ដល់ពួកលេវី ឲ្យគេបានញែកខ្លួនចេញជាបរិសុទ្ធ ហើយឲ្យគេមកចាំយាម នៅអស់ទាំងទ្វារក្រុង ដើម្បីញែកថ្ងៃឈប់សំរាកចេញជាបរិសុទ្ធ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំក្នុងការនេះផង ហើយសូមអាណិតមេត្តាដល់ទូលបង្គំ ដោយសេចក្តីសប្បុរសទ្រង់ដ៏ធំ។
23 នៅគ្រានោះ ខ្ញុំក៏ឃើញពួកយូដាខ្លះ ដែលបានយកប្រពន្ធ ជាស្រីសាសន៍អាសដូឌ អាំម៉ូន និងម៉ូអាប់
24 ហើយកូនគេពាក់កណ្តាលនិយាយជាភាសាអាសដូឌ ឥតចេះនិយាយភាសារបស់ពួកយូដាឡើយ គឺគេនិយាយតាមតែភាសារបស់សាសន៍គេរៀងខ្លួន
25 ខ្ញុំក៏តវ៉ានឹងគេ ព្រមទាំងដាក់បណ្តាសា ក៏វាយគេខ្លះ ហើយបោចសក់គេផង ខ្ញុំចាប់ឲ្យគេស្បថដោយនូវព្រះនាមរបស់ព្រះ ហើយហាមគេថា មិនត្រូវឲ្យអ្នករាល់គ្នាឲ្យកូនស្រីទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់ខ្លួនឬសំរាប់ខ្លួននោះឡើយ
26 តើសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល មិនបានធ្វើបាប ដោយអំពើយ៉ាងនោះឯងទេឬអី នៅក្នុងអស់ទាំងសាសន៍ដទៃ គ្មានស្តេចណា១ដូចទ្រង់ឡើយ ហើយព្រះនៃទ្រង់ក៏បានស្រឡាញ់ទ្រង់ ព្រមទាំងតាំងឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូលផង ប៉ុន្តែ ស្ត្រីសាសន៍ដទៃបាននាំឲ្យទ្រង់ធ្វើបាបដែរ
27 ដូច្នេះ តើគួរឲ្យយើងស្តាប់តាមអ្នករាល់គ្នា និងប្រព្រឹត្តសេចក្តីអាក្រក់ជាធំទាំងនេះ ហើយប្រព្រឹត្តរំលងនឹងព្រះនៃយើង ដោយយកប្រពន្ធ ជាសាសន៍ដទៃឬអី។
28 ឯយ៉ូយ៉ាដា ជាកូនអេលីយ៉ាស៊ីប ជាសំដេចសង្ឃ លោកមានកូនប្រុស១ ដែលជាកូនប្រសាសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ហេតុនោះខ្ញុំក៏បណ្តេញវាចេញពីខ្ញុំទៅ
29 ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីគេ ពីព្រោះគេបានបង្អាប់ការងារជាសង្ឃ និងសេចក្តីសញ្ញានៃការងារនោះ និងពួកលេវីដែរ។
30 គឺយ៉ាងដូច្នេះដែលខ្ញុំបានញែកសំអាតគេ ពីគ្រប់ទាំងសាសន៍ដទៃ ហើយក៏តាំងការងារដែលពួកសង្ឃ និងពួកលេវីត្រូវរក្សាទុកឡើងវិញ គ្រប់គ្នាតាមដំណែងគេរៀងខ្លួន
31 ហើយសំរាប់ដង្វាយឧសនៅវេលាកំណត់ និងសំរាប់ផលផ្លែដំបូងដែរ ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដើម្បីនឹងប្រោសឲ្យទូលបង្គំបានប្រកបដោយសេចក្តីល្អផង។:៚