9 រួចមកខ្ញុំបានទៅដល់ពួកចៅហ្វាយ នៅខាងនាយទន្លេ ជូនព្រះរាជសាសន៍នោះដល់គេ ឯស្តេចទ្រង់បានចាត់មេទ័ព និងទ័ពសេះ ឲ្យទៅជាមួយនឹងខ្ញុំដែរ
10 ដូច្នេះ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា សាសន៍អាំម៉ូន ជាអ្នកជំនិតលោកបានឮហើយ សេចក្តីនោះក៏នាំឲ្យទំនាស់ចិត្តគេជាខ្លាំង ដោយព្រោះមានមនុស្សមក បំរុងឲ្យពួកកូនចៅអ៊ីស្រាអែលបានសណ្ឋានល្អឡើង។
11 យ៉ាងនោះ ខ្ញុំបានមកដល់ក្រុងយេរូសាឡិម ក៏នៅទីនោះអស់៣ថ្ងៃ
12 រួចខ្ញុំ និងអ្នកខ្លះឯទៀតក៏ក្រោកឡើងជាមួយគ្នានៅពេលយប់ តែខ្ញុំមិនបានប្រាប់ឲ្យអ្នកណាដឹង ពីការដែលព្រះនៃខ្ញុំ ទ្រង់បានបណ្តាលចិត្តខ្ញុំឲ្យធ្វើសំរាប់ក្រុងយេរូសាឡិមឡើយ ក៏គ្មានសត្វណានៅជាមួយនឹងខ្ញុំដែរ លើកតែសត្វមួយដែលខ្ញុំជិះប៉ុណ្ណោះ
13 ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារច្រកភ្នំ ដំរង់ទៅឯអណ្តូងនាគ ដល់ទ្វារសំរាម ពិនិត្យមើលកំផែងក្រុងយេរូសាឡិម ដែលបាក់បែក និងទ្វារទាំងប៉ុន្មានដែលឆេះហើយ
14 រួចខ្ញុំក៏ហួសទៅដល់ទ្វារក្បាលទឹក និងស្រះហ្លួង តែគ្មានផ្លូវឲ្យសត្វដែលខ្ញុំជិះដើរទៅបានទេ
15 ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទឹក បានពិនិត្យមើលកំផែងទាំងយប់ រួចវិលទៅចូលតាមទ្វារច្រកភ្នំយ៉ាងនោះបានដល់ផ្ទះវិញ