នេហេមា 5:11-17 KHOV

11 សូម​ប្រគល់​ស្រែ​ចំការ ដំណាំ និង​ផ្ទះ​គេ​ទៅ​គេ​វិញ នៅ​ថ្ងៃ​នេះ​ឯង ព្រម​ទាំង​១​ភាគ​ក្នុង​១០០​នៃ​ប្រាក់ ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​ដែល​អ្នក​រាល់​គ្នា​បាន​យក​ការ​ពី​គេ​ផង

12 នោះ​គេ​ឆ្លើយ​ថា យើង​ខ្ញុំ​នឹង​ប្រគល់​ទៅ​វិញ ហើយ​នឹង​លែង​យក​ការ​ពី​គេ​ត​រៀង​ទៅ យើង​ខ្ញុំ​នឹង​ធ្វើ​ដូច​ជា​លោក​មាន​ប្រសាសន៍ រួច​ខ្ញុំ​ហៅ​ពួក​សង្ឃ​មក ចាប់​ឲ្យ​អ្នក​ទាំង​នោះ​ស្បថ​ថា នឹង​ធ្វើ​តាម​ពាក្យ​សន្យា​នោះ

13 ខ្ញុំ​ក៏​រលាស់​ថ្នក់​អាវ​ខ្ញុំ​ពោល​ថា បើ​អ្នក​ណា​មិន​ប្រព្រឹត្ត​តាម​ពាក្យ​សន្យា​នេះ នោះ​សូម​ឲ្យ​ព្រះ​រលាស់​អ្នក​នោះ ចេញ​ពី​ផ្ទះ និង​ពី​ការ​របស់​ខ្លួន​យ៉ាង​នេះ​ដែរ សូម​តែ​ឲ្យ​គេ​រលាស់​ចេញ​ចុះ ហើយ​ចោល​នៅ​ទទេ​ផង ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា អាម៉ែន ហើយ​គេ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា រួច​ក៏​ធ្វើ​តាម​ពាក្យ​សន្យា​នោះ។

14 រីឯ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ស្តេច​បាន​តាំង​ខ្ញុំ​ឡើង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ​នៅ​ស្រុក​យូដា គឺ​ពី​ឆ្នាំ​ទី​២០​ដរាប​ដល់​ឆ្នាំ​៣២ ក្នុង​រាជ្យ​ស្តេច​អើថា‌ស៊ើក‌សេស រួម​ជា​១២​ឆ្នាំ នោះ​ខ្ញុំ និង​បង​ប្អូន​ខ្ញុំ​មិន​បាន​ទទួល​ទាន​ភោជ‌នាហារ ដោយ​អាង​បុណ្យ​ជា​ចៅ‌ហ្វាយ​នោះ​ទេ

15 ឯ​ពួក​ចៅ‌ហ្វាយ​ដែល​នៅ​មុន​ខ្ញុំ នោះ​បាន​នៅ​ដោយ‌សារ​ពួក​រាស្ត្រ គេ​បាន​ទារ​យក​អាហារ និង​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន​ពី​រាស្ត្រ ព្រម​ទាំង​ប្រាក់​៤០​រៀង​ផង អើ សូម្បី​តែ​ពួក​អ្នក​បំរើ​របស់​គេ​ក៏​មាន​អំណាច​លើ​បណ្តា‌ជន​ដែរ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ដោយ​មាន​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ​វិញ

16 ប្រការ​មួយ​ទៀត ខ្ញុំ​បាន​នៅ​ជាប់​នឹង​ការ​សង់​កំផែង​នេះ​ឡើង​ដែរ យើង​រាល់​គ្នា​មិន​បាន​ទាំង​ទិញ​ដី​ឯ​ណា​ផង ហើយ​ពួក​បំរើ​របស់​ខ្ញុំ​បាន​មូល​មក ជួយ​ធ្វើ​ការ​នេះ​ដែរ

17 ហើយ​នេះ​ទៀត មាន​ពួក​យូដា និង​ពួក​នាយ​ដំរួត​១៥០​នាក់ បរិភោគ​អាហារ​នៅ​តុ​ខ្ញុំ​ផង ឥត​រាប់​ពួក​អ្នក​ដែល​មក​ឯ​យើង​រាល់​គ្នា ពី​ពួក​សាសន៍​ដទៃ​នៅ​ជុំវិញ​ឡើយ