13 ខ្ញុំក៏រលាស់ថ្នក់អាវខ្ញុំពោលថា បើអ្នកណាមិនប្រព្រឹត្តតាមពាក្យសន្យានេះ នោះសូមឲ្យព្រះរលាស់អ្នកនោះ ចេញពីផ្ទះ និងពីការរបស់ខ្លួនយ៉ាងនេះដែរ សូមតែឲ្យគេរលាស់ចេញចុះ ហើយចោលនៅទទេផង ពួកជំនុំទាំងអស់គ្នាក៏ឆ្លើយឡើងថា អាម៉ែន ហើយគេសរសើរដល់ព្រះយេហូវ៉ា រួចក៏ធ្វើតាមពាក្យសន្យានោះ។
14 រីឯចាប់តាំងពីថ្ងៃដែលស្តេចបានតាំងខ្ញុំឡើងធ្វើជាចៅហ្វាយលើគេនៅស្រុកយូដា គឺពីឆ្នាំទី២០ដរាបដល់ឆ្នាំ៣២ ក្នុងរាជ្យស្តេចអើថាស៊ើកសេស រួមជា១២ឆ្នាំ នោះខ្ញុំ និងបងប្អូនខ្ញុំមិនបានទទួលទានភោជនាហារ ដោយអាងបុណ្យជាចៅហ្វាយនោះទេ
15 ឯពួកចៅហ្វាយដែលនៅមុនខ្ញុំ នោះបាននៅដោយសារពួករាស្ត្រ គេបានទារយកអាហារ និងស្រាទំពាំងបាយជូររបស់ខ្លួនពីរាស្ត្រ ព្រមទាំងប្រាក់៤០រៀងផង អើ សូម្បីតែពួកអ្នកបំរើរបស់គេក៏មានអំណាចលើបណ្តាជនដែរ តែខ្ញុំមិនបានធ្វើដូច្នោះទេ ដោយមានសេចក្តីកោតខ្លាចដល់ព្រះវិញ
16 ប្រការមួយទៀត ខ្ញុំបាននៅជាប់នឹងការសង់កំផែងនេះឡើងដែរ យើងរាល់គ្នាមិនបានទាំងទិញដីឯណាផង ហើយពួកបំរើរបស់ខ្ញុំបានមូលមក ជួយធ្វើការនេះដែរ
17 ហើយនេះទៀត មានពួកយូដា និងពួកនាយដំរួត១៥០នាក់ បរិភោគអាហារនៅតុខ្ញុំផង ឥតរាប់ពួកអ្នកដែលមកឯយើងរាល់គ្នា ពីពួកសាសន៍ដទៃនៅជុំវិញឡើយ
18 រីឯភោជនាហារដែលត្រូវរៀបក្នុង១ថ្ងៃ នោះគឺគោ១ និងចៀមសំរាំង៦ ព្រមទាំងសត្វបក្សី ដែលគេរៀបឲ្យខ្ញុំដែរ ហើយក្នុង១០ថ្ងៃ នោះគេយកស្រាទំពាំងបាយជូរគ្រប់យ៉ាងមក១ដង ប៉ុន្តែទុកជាច្រើនដល់ម៉្លេះ គង់តែខ្ញុំមិនបានអាងបុណ្យជាចៅហ្វាយ និងទារភោជនាហារដែរ ពីព្រោះពួកបណ្តាជនមានបន្ទុកធ្ងន់ណាស់ទៅហើយ
19 ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹករឮក ដោយចំរើនព្រះគុណដល់ទូលបង្គំផង ដោយព្រោះគ្រប់ទាំងសេចក្តី ដែលទូលបង្គំបានអនុគ្រោះដល់បណ្តាជននេះ។