4 គេក៏ចាត់មនុស្សមកនិយាយនឹងខ្ញុំយ៉ាងនោះអស់វារៈ៤ដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលដល់គេ
5 រួចមកសានបាឡាតចាត់អ្នកបំរើម្នាក់មកឯខ្ញុំ តាមបែបដដែល នោះជាគំរប់៥ដង មានទាំងសំបុត្របើកចំហនៅដៃផង
6 ក្នុងសំបុត្រនោះមានសេចក្តីថា មានឮដំណឹងនៅគ្រប់ទាំងសាសន៍ ហើយលោកកេសែមជាសាក្សីថា អ្នកហើយនឹងពួកយូដាគិតបះបោរ បានជាសង់កំផែងនេះឡើង គឺថា អ្នកចង់ធ្វើជាស្តេចគេ តាមដែលឮនិយាយនោះ
7 អ្នកក៏បានដំរូវឲ្យមានពួកហោរាប្រកាសប្រាប់ពីអ្នក នៅក្រុងយេរូសាឡិមថា មានស្តេចគ្រងរាជ្យនៅស្រុកយូដាហើយ ពាក្យយ៉ាងនោះយើងនឹងបញ្ជូនដល់ស្តេចឥឡូវ ដូច្នេះ ចូរមកឲ្យយើងបានពិគ្រោះគ្នាសិន
8 ខ្ញុំតបទៅថា គ្មានអ្វីដូចជាអ្នកថានោះទេ គឺអ្នកបង្កើតរឿងនេះ តាមតែចិត្តអ្នកវិញប៉ុណ្ណោះ
9 ពួកអ្នកទាំងនោះចង់តែគំរាម ឲ្យយើងភ័យខ្លាច ដោយគិតថា យើងនឹងថយកំឡាំងដៃ ឲ្យសំរេចការមិនបាន ឥឡូវនេះឱព្រះអង្គអើយ សូមចំរើនកំឡាំងដៃទូលបង្គំវិញ។
10 គ្រានោះ ខ្ញុំបានទៅឯផ្ទះរបស់សេម៉ាយ៉ា កូនដេឡាយ៉ា ដែលជាកូនមហេថាបែល គាត់កំពុងបំពួនខ្លួន គាត់និយាយឡើងថា សូមយើងទៅជួបគ្នា នៅក្នុងព្រះវិហារនៃព្រះ គឺក្នុងទីបរិសុទ្ធ ហើយបិទទ្វារភ្ជិតទៅ ដ្បិតគេនឹងមកសំឡាប់លោក គឺគេនឹងមកនៅពេលយប់ជាមិនខាន ដើម្បីនឹងសំឡាប់លោកបង់