12 ដូច្នេះ ពួកជនក៏នាំគ្នាទៅបរិភោគភោជន៍ ព្រមទាំងជូនជំនូនដល់គេ ហើយតាំងចិត្តអរសប្បាយឡើងជាខ្លាំង ដោយព្រោះបានយល់ន័យសេចក្តីទាំងប៉ុន្មាន ដែលបានថ្លែងប្រាប់ដល់ខ្លួន។
13 លុះដល់ថ្ងៃទី២ នោះពួកអ្នកជាកំពូលលើវង្សរបស់ឪពុកក្នុងពួកជន ព្រមទាំងពួកសង្ឃ និងពួកលេវី ក៏មូលគ្នាមកឯស្មៀនអែសរ៉ា ដើម្បីផ្ចង់ចិត្តស្តាប់ពាក្យក្នុងក្រឹត្យវិន័យ
14 ហើយគេឃើញមានសេចក្តីកត់ទុកក្នុងក្រឹត្យវិន័យ ជាសេចក្តីដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកដោយសារលោកម៉ូសេថា ពួកកូនចៅអ៊ីស្រាអែលត្រូវនៅក្នុងបារាំនៅវេលាបុណ្យខែអស្សុជ
15 ហើយត្រូវប្រកាសប្រាប់នៅអស់ទាំងទីក្រុងគេ និងនៅក្រុងយេរូសាឡិមថា ចូរចេញទៅឯភ្នំ កាប់យកមែកដើមអូលីវស្រុក និងដើមអូលីវព្រៃ មែកយីថោ ធាងចាក និងមែកឈើញឹកស្និទ្ធមកធ្វើបារាំ តាមសេចក្តីដែលបានចែងទុកមក
16 ដូច្នេះ ពួកជនក៏ចេញទៅកាប់យកមែកទាំងនោះមកធ្វើបារាំ នៅលើដំបូលផ្ទះគេរៀងខ្លួន នៅទីធ្លាផ្ទះគេ នៅទីលានព្រះវិហារនៃព្រះ នៅទីធ្លាត្រង់ទ្វារទឹក និងនៅទីធ្លាត្រង់ទ្វារអេប្រាអិម
17 ពួកជំនុំទាំងអស់ដែលបានវិលពីសណ្ឋានជាឈ្លើយមកវិញ ក៏ធ្វើបារាំគ្រប់ៗគ្នា ហើយគេអាស្រ័យនៅក្នុងបារាំទាំងនោះ ដ្បិតចាប់តាំងពីគ្រាយ៉ូស្វេ ជាកូននុន ដរាបដល់វេលានោះ ពួកកូនចៅអ៊ីស្រាអែលមិនដែលបានធ្វើដូច្នោះឡើយ ដូច្នេះ មានសេចក្តីរីករាយកើតឡើងជាខ្លាំង
18 ហើយរាល់ៗថ្ងៃ ចាប់តាំងពីថ្ងៃដំបូង ដរាបដល់ថ្ងៃចុងបំផុត នោះលោកក៏អានមើលក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ គេធ្វើបុណ្យនោះអស់៧ថ្ងៃ រួចដល់ថ្ងៃទី៨ នោះក៏ប្រជុំជំនុំមុតមាំតាមរបៀប។