16 ប៉ុន្តែ គេ និងពួកអយ្យកោរបស់យើងខ្ញុំតរៀងមក បានប្រព្រឹត្ត ដោយចិត្តព្រហើន ព្រមទាំងតាំងករឹង ឥតស្តាប់តាមក្រឹត្យក្រមទាំងប៉ុន្មានរបស់ទ្រង់ទេ
17 គេមិនព្រមធ្វើតាមបង្គាប់ឡើយ ក៏មិននឹកចាំពីអស់ទាំងការអស្ចារ្យដែលទ្រង់បានធ្វើ នៅកណ្តាលពួកគេផង គឺគេបានតាំងករឹងវិញ ក្នុងគ្រាបះបោរនោះ គេបានដំរូវម្នាក់ឲ្យធ្វើជាមេ ដើម្បីនឹងនាំវិលទៅឯសណ្ឋានជាបាវបំរើវិញ
18 ទោះទាំងកាលដែលគេបានបណ្តាលទំនាស់ទ្រង់ជាខ្លាំង ដោយសិតធ្វើរូបកូនគោ ហើយនិយាយថា នេះជាព្រះរបស់យើងដែលបាននាំយើងឡើងពីស្រុកអេស៊ីព្ទ មកដូច្នេះក្តី
19 គង់តែទ្រង់មិនបានបោះបង់ចោលគេ នៅទីរហោស្ថានដែរ គឺដោយទ្រង់មានសេចក្តីមេត្តាករុណាដ៏ក្រៃលែង ឯបង្គោលពពកមិនបានថយចេញ លែងនាំផ្លូវគេនៅវេលាថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺគេនៅវេលាយប់ ដើម្បីនឹងបង្ហាញផ្លូវ ដែលគេត្រូវដើរដែរ
20 ទ្រង់បានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ មកបង្ហាត់បង្រៀនគេ ទ្រង់មិនដែលបង្អត់នំម៉ាន៉ាចំពោះគេទេ ហើយបានប្រទានទឹក ឲ្យគេផឹកផង
21 គឺទ្រង់បានចិញ្ចឹមគេ នៅទីរហោស្ថាន អស់៤០ឆ្នាំ គេឥតមានខ្វះខាតអ្វីឡើយ សំលៀកបំពាក់របស់គេក៏មិនដែលសឹក ហើយជើងគេមិនពុរពងដែរ
22 មួយទៀតទ្រង់បានប្រទាននគរ និងសាសន៍ផ្សេងៗ ហើយចែកស្រុកទាំងនោះដល់គេ គឺយ៉ាងនោះដែលគេបានស្រុករបស់ស៊ីហុន ជាស្រុករបស់ស្តេចក្រុងហែសបូន និងស្រុករបស់អុក ជាស្តេចស្រុកបាសាន