20 ទ្រង់បានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ មកបង្ហាត់បង្រៀនគេ ទ្រង់មិនដែលបង្អត់នំម៉ាន៉ាចំពោះគេទេ ហើយបានប្រទានទឹក ឲ្យគេផឹកផង
21 គឺទ្រង់បានចិញ្ចឹមគេ នៅទីរហោស្ថាន អស់៤០ឆ្នាំ គេឥតមានខ្វះខាតអ្វីឡើយ សំលៀកបំពាក់របស់គេក៏មិនដែលសឹក ហើយជើងគេមិនពុរពងដែរ
22 មួយទៀតទ្រង់បានប្រទាននគរ និងសាសន៍ផ្សេងៗ ហើយចែកស្រុកទាំងនោះដល់គេ គឺយ៉ាងនោះដែលគេបានស្រុករបស់ស៊ីហុន ជាស្រុករបស់ស្តេចក្រុងហែសបូន និងស្រុករបស់អុក ជាស្តេចស្រុកបាសាន
23 ទ្រង់ក៏ធ្វើឲ្យគេកើតកូនចំរើនឡើង ដូចជាផ្កាយនៅលើមេឃ ហើយបាននាំគេចូលមកក្នុងស្រុក ដែលទ្រង់ប្រាប់ដល់ពួកអយ្យកោថា ត្រូវឲ្យគេចូលទៅចាប់យកនេះ
24 ដូច្នេះ ពួកកូនចៅគេក៏ចូលទៅចាប់យកស្រុក ហើយទ្រង់បានបង្ក្រាបសាសន៍កាណាន ជាពួកអ្នកស្រុកនេះ នៅមុខគេ ព្រមទាំងប្រគល់ពួកនោះ និងស្តេច ហើយបណ្តាជនទាំងឡាយ មកក្នុងកណ្តាប់ដៃគេ ឲ្យបានប្រព្រឹត្តនឹងសាសន៍នោះ តាមអំពើចិត្ត
25 គេចាប់យកបានទាំងទីក្រុងមានបន្ទាយ និងស្រុកមានជីជាតិ ក៏បានផ្ទះជាច្រើន ពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងជីកស្រាប់ ចំការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើផ្លែជាបរិបូរ យ៉ាងនោះគេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារសេចក្តីសប្បុរសដ៏ជាធំរបស់ទ្រង់។
26 ប៉ុន្តែ គេមានចិត្តរឹងចចេស ហើយបានបះបោរនឹងទ្រង់វិញ គេបោះបង់ចោលក្រឹត្យវិន័យទ្រង់ទៅក្រោយខ្នង ហើយបានសំឡាប់ពួកហោរាទ្រង់ ដែលធ្វើបន្ទាល់ដល់គេ ដោយប្រាថ្នាចង់នាំគេមកឯទ្រង់វិញ គេក៏ប្រព្រឹត្តទំនាស់ជាខ្លាំងដែរ