នេហេមា 9:28-34 KHOV

28 តែ​កាល​គេ​មាន​សេចក្តី​ស្រាក‌ស្រាន្ត​បន្តិច នោះ​គេ​បាន​ប្រព្រឹត្ត​សេចក្តី​អាក្រក់ នៅ​ចំពោះ​ទ្រង់​វិញ​ទៀត បាន​ជា​ទ្រង់​ទុក​គេ នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឲ្យ​ពួក​នោះ​មាន​អំណាច​លើ​គេ ប៉ុន្តែ កាល​គេ​បាន​វិល​មក​អំពាវ‌នាវ​រក​ទ្រង់​ទៀត នោះ​ទ្រង់​ក៏​ឮ​ពី​លើ​មេឃ​ដែរ ហើយ​បាន​ប្រោស​ឲ្យ​គេ​រួច​ជា​ច្រើន​ដង តាម​សេចក្តី​មេត្តា‌ករុណា​របស់​ទ្រង់

29 ទ្រង់​បាន​ធ្វើ​បន្ទាល់​ដល់​គេ ដើម្បី​នឹង​នាំ​គេ​មក​ឯ​ក្រឹត្យ‌វិន័យ​ទ្រង់​វិញ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន ឥត​ព្រម​ស្តាប់​តាម​ក្រឹត្យ‌ក្រម​នៃ​ទ្រង់​ដែរ គឺ​បាន​ធ្វើ​បាប​ទទឹង​ច្បាប់​យុត្តិ‌ធម៌​របស់​ទ្រង់ (ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​នៅ​ដោយ​សេចក្តី​នោះ​ឯង) ហើយ​គេ​ដក​ស្មា​ចេញ តាំង​ក​រឹង​មិន​ព្រម​ស្តាប់​តាម​ឡើយ

30 ប៉ុន្តែ​ទ្រង់​បាន​អត់​ទ្រាំ​នឹង​គេ​ជា​យូរ​ឆ្នាំ ព្រម​ទាំង​ធ្វើ​បន្ទាល់​ដល់​គេ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​លើ​ពួក​ហោរា ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​មិន​ផ្ទៀង​ត្រចៀក​ស្តាប់​ដែរ បាន​ជា​ទ្រង់​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អស់​ទាំង​សាសន៍​របស់​ស្រុក​ដទៃ

31 ប៉ុន្តែ ដោយ​ព្រោះ​សេចក្តី​មេត្តា‌ករុណា ដ៏​ក្រៃលែង​របស់​ទ្រង់ បាន​ជា​ទ្រង់​មិន​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ឬ​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ហឫ‌ទ័យ​សន្តោស ហើយ​មេត្តា‌ករុណា។

32 ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឥទ្ធា‌នុភាព ដែល​គួរ​ស្ញែង​ខ្លាច​ដល់​ទ្រង់ ជា​ព្រះ​ដែល​រក្សា​សេចក្តី​សញ្ញា និង​សេចក្តី​សប្បុរស​អើយ ឯ​សេចក្តី​ទេវនា​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ស្តេច ពួក​មេ ពួក​សង្ឃ ពួក​ហោរា ពួក​អយ្យកោ​យើង​ខ្ញុំ និង​ពួក​រាស្ត្រ​របស់​ទ្រង់ ចាប់​តាំង​ពី​គ្រា​ពួក​ស្តេច​នៃ​ស្រុក​អាស‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​សូម​ទ្រង់​កុំ​រាប់​ថា ជា​ការ​តិច‌តួច​ឡើយ

33 ប៉ុន្តែ​ក្នុង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ដល់​យើង​ខ្ញុំ នោះ​ទ្រង់​សុចរិត​ទេ ដ្បិត​ទ្រង់​បាន​ប្រព្រឹត្ត​ដោយ​ស្មោះ‌ត្រង់ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ដោយ​លាមក​អាក្រក់​វិញ

34 ទោះ​ទាំង​ស្តេច​នៃ​យើង​ខ្ញុំ ឬ​ពួក​មេ​ពួក​សង្ឃ និង​ពួក​អយ្យកោ របស់​យើង​ខ្ញុំ​ក៏​មិន​បាន​រក្សា​ក្រឹត្យ‌វិន័យ​របស់​ទ្រង់ ឬ​ស្តាប់​តាម​ក្រឹត្យ‌ក្រម និង​សេចក្តី​បន្ទាល់​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ចំពោះ​គេ​ដែរ