18 ព្រះយេហូវ៉ាទ្រង់សុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តទ្រង់ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ ហើយពិចារណាមើលសេចក្តីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗ និងពួកកំឡោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ
19 ខ្ញុំបានហៅពួកអ្នកដែលធ្លាប់ស្រឡាញ់ខ្ញុំ តែគេបានបញ្ឆោតខ្ញុំវិញ ពួកសង្ឃ និងពួកចាស់ទុំរបស់ខ្ញុំបានរលត់ទៅនៅក្នុងទីក្រុង កំពុងដែលគេរកអាហារសំរាប់ចំរើនកំឡាំងខ្លួន។
20 ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់ មានសេចក្តីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន ពីព្រោះខ្ញុំម្ចាស់បានបះបោរជាខ្លាំងហើយ នៅខាងក្រៅដាវបង្អត់បង់ ហើយនៅឯផ្ទះក៏មានដូចជាសេចក្តីស្លាប់ដែរ
21 គេបានឮថា ខ្ញុំម្ចាស់ថ្ងូរ តែគ្មានអ្នកណានឹងជួយដោះទុក្ខខ្ញុំម្ចាស់ទេ ពួកខ្មាំងសត្រូវទាំងប៉ុន្មាន បានឮដំណឹងពីសេចក្តីលំបាករបស់ខ្ញុំម្ចាស់ ហើយគេសប្បាយចិត្ត ដោយព្រោះទ្រង់បានធ្វើយ៉ាងនេះ ឯទ្រង់ៗនឹងឲ្យថ្ងៃ ដែលទ្រង់បានប្រកាសប្រាប់នោះ បានមកដល់ នោះគេនឹងបានដូចជាខ្ញុំម្ចាស់វិញ
22 សូមឲ្យគ្រប់ទាំងអំពើទុច្ចរិតរបស់គេ បានលេចមក នៅចំពោះទ្រង់ ហើយសូមទ្រង់ធ្វើដល់គេ ដូចជាទ្រង់បានធ្វើដល់ខ្ញុំម្ចាស់ដោយព្រោះអស់ទាំងអំពើរំលងរបស់ខ្ញុំម្ចាស់ដែរ ដ្បិតខ្ញុំម្ចាស់ថ្ងូរជាច្រើន ហើយចិត្តខ្ញុំម្ចាស់ក៏ល្វើយផង។