1 ខ្ញុំជាមនុស្សដែលបានឃើញសេចក្តីវេទនា ដោយដំបងនៃសេចក្តីក្រោធរបស់ទ្រង់
2 ទ្រង់បាននាំខ្ញុំឲ្យដើរក្នុងសេចក្តីងងឹត មិនមែនក្នុងពន្លឺទេ
3 ពិតប្រាកដជាទ្រង់បានបែរព្រះហស្តមក ទាស់នឹងខ្ញុំខ្ជាន់ៗជានិច្ចរាល់តែថ្ងៃ
4 ទ្រង់បានធ្វើឲ្យសាច់ ហើយស្បែកខ្ញុំរោយរៀវទៅ ហើយបានបំបាក់ឆ្អឹងខ្ញុំផង
5 ទ្រង់បានធ្វើរបងឃុំឃាំងខ្ញុំ ហើយបានឡោមព័ទ្ធខ្ញុំដោយថ្នាំពុល និងការដែលនឿយលំបាក
6 ទ្រង់បានឲ្យខ្ញុំអាស្រ័យនៅទីងងឹត ដូចជាពួកដែលបានស្លាប់ជាយូរមកហើយ
7 ទ្រង់បានធ្វើកំផែងព័ទ្ធជុំវិញខ្ញុំ ដើម្បីមិនឲ្យខ្ញុំចេញទៅក្រៅឡើយ ក៏បានធ្វើឲ្យច្រវាក់ខ្ញុំជាធ្ងន់
8 អើ កាលណាខ្ញុំអំពាវនាវ ហើយស្រែកឡើងឲ្យជួយ នោះទ្រង់រាំងរាមិនឲ្យសេចក្តីអធិស្ឋានរបស់ខ្ញុំចូលទៅឡើយ
9 ទ្រង់បានយកថ្មដាប់ធ្វើកំផែងរាំងផ្លូវខ្ញុំ ហើយបានធ្វើឲ្យផ្លូវច្រកខ្ញុំវៀចទាំងអស់
10 ទ្រង់ប្រៀបដូចជាខ្លាឃ្មុំដែលលបសង្គ្រុប ហើយដូចជាសិង្ហនៅទីស្ងាត់កំបាំងដល់ខ្ញុំ
11 ទ្រង់បានបង្វែរអស់ទាំងផ្លូវរបស់ខ្ញុំ ក៏ហែកខ្ញុំឲ្យខ្ទេចខ្ទី ហើយបានឲ្យខ្ញុំត្រមោចនៅ
12 ទ្រង់បានយឹតធ្នូ ហើយតាំងខ្ញុំទុកជាវង់សំរាប់ព្រួញ
13 ទ្រង់បានធ្វើឲ្យតួព្រួញពីបំពង់ទ្រង់ទំលុះថ្លើមខ្ញុំ
14 ខ្ញុំបានទៅជាទីសំណើចដល់ជនជាតិទាំងឡាយរបស់ខ្ញុំ ហើយជាបទចំរៀងរបស់គេជានិច្ចរាល់ថ្ងៃ
15 ទ្រង់បានចំអែតខ្ញុំ ដោយសេចក្តីជូរចត់ ព្រមទាំងឲ្យខ្ញុំស្រវឹងដោយស្លែងផង
16 ទ្រង់បានបំបាក់ធ្មេញខ្ញុំដោយក្រួស ហើយបានព្រលាំងខ្ញុំដោយផេះ
17 ហើយទ្រង់បោះបង់ចោលព្រលឹងរបស់ខ្ញុំ ឆ្ងាយចេញពីសេចក្តីសុខទៅ ខ្ញុំបានភ្លេចសេចក្តីចំរើនហើយ
18 ខ្ញុំបានថា កំឡាំងខ្ញុំសូន្យបាត់អស់ទៅ សេចក្តីសង្ឃឹមរបស់ខ្ញុំក៏ផុតចាកពីព្រះយេហូវ៉ាហើយ។
19 ខ្ញុំនឹកចាំពីសេចក្តីទុក្ខលំបាក និងពីសេចក្តីវេទនារបស់ខ្ញុំ ព្រមទាំងស្លែង និងថ្នាំពុលផង
20 ព្រលឹងខ្ញុំនៅតែចាំបាននៅឡើយ ហើយក៏ឱនចុះនៅក្នុងខ្លួនខ្ញុំ
21 តែខ្ញុំនឹកឡើងវិញពីសេចក្តីនេះ បានជាខ្ញុំមានសេចក្តីសង្ឃឹមឡើង
22 គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ
23 សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់
24 ព្រលឹងខ្ញុំបានពោលថា ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់
25 ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់ គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់
26 បើមនុស្សនឹងសង្ឃឹមដល់ ហើយរង់ចាំសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ
27 ឯការដែលមនុស្សទទួលរងនឹម ក្នុងកាលដែលនៅវ័យក្មេង នោះក៏ល្អដែរ
28 អ្នកនោះនឹងអង្គុយតែឯង ហើយនៅមាត់ស្ងៀម ពីព្រោះគឺទ្រង់ដែលដាក់នឹមលើខ្លួន
29 អ្នកនោះនឹងព្រមដាក់មាត់ចុះក្នុងធូលីដី បើប្រសិនជានឹងមានទីសង្ឃឹមបាន
30 ក៏នឹងបែរកំផ្លៀងទៅឲ្យដល់អ្នកដែលទះខ្លួន ហើយនឹងទ្រាំឲ្យបានពេញ ដោយសេចក្តីត្មះតិះដៀល
31 ដ្បិតព្រះអម្ចាស់ ទ្រង់មិនបោះបង់ចោលនៅជាដរាបទេ
32 តែទោះបើទ្រង់ធ្វើទុក្ខក៏ដោយ គង់តែទ្រង់នឹងអាណិតមេត្តា ដោយសេចក្តីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ
33 ពីព្រោះទ្រង់មិនធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនា ដោយស្ម័គ្រពីព្រះហឫទ័យទេ
34 ឯការដែលជាន់ឈ្លីពួកឈ្លើយនៅផែនដី
35 ឬបង្វែរសេចក្តីយុត្តិធម៌ពីមនុស្ស នៅចំពោះព្រះដ៏ខ្ពស់បំផុត
36 ឬបង្កាច់បំភាន់មនុស្សណា ក្នុងរឿងក្តី នោះជាការដែលព្រះអម្ចាស់ទ្រង់មិនសព្វព្រះហឫទ័យឡើយ
37 បើព្រះអម្ចាស់ ទ្រង់មិនបានបង្គាប់គេ នោះតើមានអ្នកណានឹងអាចទាយទំនាយ ហើយការនោះកើតឡើងបានជាពិត
38 ឯការអាក្រក់ និងការល្អ នោះតើមិនមែនចេញពីព្រះឱស្ឋ របស់ព្រះដ៏ខ្ពស់បំផុតមកទេឬអី
39 ដូច្នេះ ហេតុអ្វីបានជាមនុស្សរស់ត្រូវត្អូញត្អែរ គឺមនុស្សណាដែលរងទោស ដោយព្រោះអំពើបាបដែលខ្លួនបានប្រព្រឹត្តដូច្នេះ។
40 ចូរយើងពិចារណា ហើយល្បងលផ្លូវដែលយើងប្រព្រឹត្ត រួចត្រឡប់បែរទៅឯព្រះយេហូវ៉ាវិញចុះ
41 ចូរឲ្យយើងដំរង់ចិត្តឡើងទៅឯព្រះ ដែលគង់នៅស្ថានសួគ៌ ជាមួយនឹងដៃយើងផង
42 យើងខ្ញុំបានរំលង ព្រមទាំងបះបោរហើយ ទ្រង់មិនបានអត់ទោសឲ្យទេ
43 ទ្រង់បានគ្រលុំអង្គ ដោយសេចក្តីខ្ញាល់ ហើយដេញតាមយើងខ្ញុំ ទ្រង់បានប្រហារជីវិត ឥតប្រណីសោះ
44 ទ្រង់បាំងអង្គដោយពពក ដើម្បីមិនឲ្យសេចក្តីអធិស្ឋានណាចូលទៅដល់បានឡើយ
45 ទ្រង់បានធ្វើឲ្យយើងខ្ញុំទៅជាកាក ហើយជាសំរាម នៅកណ្តាលអស់ទាំងសាសន៍
46 ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំ បានហាមាត់ធំដាក់យើងខ្ញុំ
47 ចំណែករបស់យើងខ្ញុំ គឺជាសេចក្តីភ័យខ្លាច ហើយនឹងរណ្តៅ ព្រមទាំងសេចក្តីបំផ្លាញ និងសេចក្តីវិនាសផង
48 ភ្នែកខ្ញុំហូរចេញជាផ្លូវទឹក ដោយព្រោះការបំផ្លាញកូនស្រីរបស់សាសន៍ខ្ញុំ
49 ភ្នែកខ្ញុំនឹងហូរសស្រាក់ឥតឈប់ឈរ ឥតស្រាកឡើយ
50 ទាល់តែព្រះយេហូវ៉ាទ្រង់ឈ្ងោកមើល ហើយពិចារណាពីស្ថានសួគ៌មក
51 ភ្នែកខ្ញុំធ្វើឲ្យចិត្តខ្ញុំកើតទុក្ខ ដោយព្រោះពួកកូនស្រីនៃក្រុងរបស់ខ្ញុំ
52 ពួកអ្នកដែលជាខ្មាំងសត្រូវនឹងខ្ញុំ ដោយឥតហេតុគេបានដេញតាមខ្ញុំ ដូចជាដេញតាមសត្វស្លាប
53 គេបានកាត់ជីវិតខ្ញុំចេញ ដោយដាក់គុកងងឹត ហើយបានទាំងដាក់ថ្មសន្ធប់ពីលើខ្ញុំផង
54 មានទឹកហូរមកលិចក្បាលខ្ញុំ នោះខ្ញុំបានថា ខ្ញុំស្លាប់ហើយ។
55 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ព្រះនាមទ្រង់ ពីក្នុងទីជំរៅនៃគុកងងឹត
56 ទ្រង់ក៏ឮសំឡេងរបស់ទូលបង្គំ សូមកុំគេចព្រះកាណ៌ទ្រង់ចេញពីដំងូរ និងសំរែករបស់ទូលបង្គំឡើយ
57 នៅថ្ងៃដែលទូលបង្គំបានអំពាវនាវដល់ទ្រង់ នោះទ្រង់បានយាងមកជិត ហើយមានព្រះបន្ទូលថា កុំឲ្យខ្លាចឡើយ
58 ឲ្យព្រះអម្ចាស់អើយ ទ្រង់បានកាន់ក្តីនៃព្រលឹងទូលបង្គំហើយ ទ្រង់បានលោះជីវិតរបស់ទូលបង្គំផង
59 ឱព្រះយេហូវ៉ាអើយ ទ្រង់បានឃើញការកំហុសដែលគេបានធ្វើដល់ទូលបង្គំ សូមទ្រង់ជំនុំជំរះក្តីរបស់ទូលបង្គំចុះ
60 ទ្រង់បានឃើញការសងសឹកទាំងប៉ុន្មានរបស់គេ និងអស់ទាំងកិច្ចកលដែលគេធ្វើដល់ទូលបង្គំដែរ
61 ឱព្រះយេហូវ៉ាអើយ ទ្រង់បានឮពាក្យប្រមាថរបស់គេ និងអស់ទាំងកិច្ចកលដែលគេគិតធ្វើដល់ទូលបង្គំហើយ
62 ក៏ឮពាក្យសំដីរបស់ពួកអ្នកលើកគ្នាទាស់នឹងទូលបង្គំ ហើយជ្រាបការដែលគេគិតប្រទូស្តនឹងទូលបង្គំជានិច្ចដែរ
63 សូមទ្រង់ទតក្នុងកាលដែលគេអង្គុយចុះ ហើយក្រោកឡើងផង ទូលបង្គំជាបទចំរៀងរបស់គេហើយ
64 ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងសងគេតាមការដែលដៃគេបានធ្វើ
65 ទ្រង់នឹងបណ្តាលឲ្យចិត្តគេរឹងរូស គឺជាសេចក្តីបណ្តាសាដល់គេ
66 ទ្រង់នឹងដេញតាមគេដោយសេចក្តីខ្ញាល់ ហើយបំផ្លាញគេឲ្យសូន្យចេញពីក្រោមស្ថានរបស់ព្រះយេហូវ៉ាទៅ។