1 ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹងនឹកចាំពីការដែលកើតដល់យើងខ្ញុំរាល់គ្នា សូមទ្រង់ទតមកឲ្យឃើញសេចក្តីដែលគេត្មះតិដៀលដល់យើងខ្ញុំ
2 ចំណែកមរដករបស់យើងខ្ញុំបានបែរទៅជារបស់ពួកអ្នកដទៃ ឯផ្ទះសំបែងរបស់យើងខ្ញុំ ក៏បានទៅជារបស់សាសន៍ក្រៅហើយ
3 យើងខ្ញុំជាកូនកំព្រា ឥតមានឪពុក ម្តាយយើងខ្ញុំបានទៅជាមេម៉ាយ
4 យើងខ្ញុំផឹកទឹករបស់ខ្លួន ដោយបង់ប្រាក់ ឯឱសរបស់យើងខ្ញុំ គេក៏លក់ដល់យើងខ្ញុំដែរ
5 ពួកអ្នកដែលដេញតាម គេជិះកយើងខ្ញុំ យើងខ្ញុំក៏អស់កំឡាំងឥតមានពេលសំរាកឡើយ
6 យើងខ្ញុំបានហុចដៃទៅឯពួកសាសន៍អេស៊ីព្ទ និងពួកសាសន៍អាសស៊ើរផង ដើម្បីឲ្យបានអាហារបរិភោគ
7 ពួកអយ្យកោយើងខ្ញុំបានធ្វើបាបហើយក៏វិនាសអស់ទៅ ឯយើងខ្ញុំក៏បានត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ
8 មានពួកអ្នកបំរើធ្វើជាចៅហ្វាយលើយើងខ្ញុំ ឥតមានអ្នកណានឹងដោះយើងខ្ញុំឲ្យរួចពីកណ្តាប់ដៃគេឡើយ
9 យើងខ្ញុំបានអាហារមក ដោយប្រថុយជីវិតចំពោះដាវនៅទីរហោស្ថាន
10 ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន ដោយព្រោះកំដៅនៃការអត់ឃ្លាន
11 គេបានចាប់កំហែងពួកស្រីនៅក្រុងស៊ីយ៉ូន និងពួកក្រមុំៗនៅអស់ទាំងទីក្រុងនៃស្រុកយូដា
12 ឯពួកចៅហ្វាយ បានត្រូវគេចងដៃព្យួរ ហើយគេមិនខ្លាចមុខពួកចាស់ទុំទេ
13 ពួកកំឡោះៗ បានត្រូវសែងត្បាល់កិន ហើយកូនក្មេងដើរព័ន្ធជើងទ្រេតទ្រោតក្រោមបាច់ឱស
14 ពួកចាស់ទុំបានផុតបាត់ពីទ្វារក្រុងទៅ ហើយពួកកំឡោះៗក៏លែងលេងភ្លេងទៀត
15 ឯសេចក្តីអំណររបស់ចិត្តយើងខ្ញុំបានរលត់ទៅ ហើយការលោតកញ្ឆេងរបស់យើងខ្ញុំ បានត្រឡប់ទៅជាការសោយសោកវិញ
16 មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ វរហើយយើងខ្ញុំ ពីព្រោះយើងខ្ញុំបានធ្វើបាប
17 ដោយហេតុនេះបានជាចិត្តយើងខ្ញុំស្រយុតចុះ ហើយភ្នែកយើងខ្ញុំក៏បានត្រឡប់ទៅជាងងឹត ដោយព្រោះការទាំងនេះដែរ
18 គឺដោយព្រោះតែភ្នំស៊ីយ៉ូនត្រូវចោលស្ងាត់នៅ ហើយមានតែឆ្កែចចកដើរនៅលើប៉ុណ្ណោះ
19 ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅអស់កល្បជានិច្ច រាជ្យទ្រង់ក៏ស្ថិតស្ថេរនៅដល់អស់ទាំងដំណមនុស្សតរៀងទៅ
20 ហេតុអ្វីបានជាទ្រង់ភ្លេចយើងខ្ញុំជារៀងរាបដរាប ហើយបោះបង់ចោលយើងខ្ញុំជាយូរអង្វែងដូច្នេះ
21 ឱព្រះយេហូវ៉ាអើយ សូមបំបែរយើងខ្ញុំឲ្យវិលមកឯទ្រង់វិញ នោះយើងខ្ញុំនឹងបានបែរមកហើយ សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចជាកាលពីដើម
22 តើទ្រង់បានបោះបង់ចោលយើងខ្ញុំ ជាដាច់ខាតឬ ទ្រង់មានសេចក្តីខ្ញាល់ក្តៅនឹងយើងខ្ញុំយ៉ាងខ្លាំងហើយ។:៚