8 ព្រះយេហូវ៉ាទ្រង់បានសំរេចនឹងបំផ្លាញកំផែងនៃកូនស្រីស៊ីយ៉ូនបង់ ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ទ្រង់បានបណ្តាលឲ្យទាំងរបងសីមា និងកំផែង ទួញទំនួញ ហើយរោយរៀវទៅជាមួយគ្នា
9 ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះទៅក្នុងដី ទ្រង់បានបំបាក់បំផ្លាញរនុកផង ឯស្តេច និងពួកចៅហ្វាយ គេនៅកណ្តាលពួកសាសន៍ដទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ អើ ទាំងពួកហោរាក៏លែងឃើញការជាក់ស្តែងពីព្រះយេហូវ៉ាទៀតដែរ
10 ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូន គេអង្គុយនៅដី ឥតមាត់កអ្វីឡើយ គេបានបាចធូលីដីទៅលើក្បាល ហើយស្លៀកសំពត់ធ្មៃ ពួកក្រមុំៗ នៃក្រុងយេរូសាឡិមក៏សំយុងក្បាលដល់ដី។
11 ភ្នែកខ្ញុំរលាយទៅដោយហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះការបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះកូនតូច និងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង
12 វាសួរដល់ម្តាយថា តើអង្ករ និងស្រាទំពាំងបាយជូរនៅឯណា ក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ
13 ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកំសាន្តចិត្តនាងបាន ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន
14 ពួកហោរារបស់នាងបានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញសេចក្តីទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្តីកំភូត និងសេចក្តីដែលបណ្តាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ