9 ពួកអ្នកដែលស្លាប់ដោយដាវ នោះវិសេសជាជាងពួកអ្នក ដែលស្លាប់ដោយស្រេកឃ្លានដ្បិតពួក១នេះ គេហេវទៅ ហើយត្រូវស្លាប់ ដោយខ្វះខាតស្បៀងអាហារ
10 ពួកស្រីៗដែលមានចិត្តទន់សន្តោសបានស្ងោរកូនខ្លួនស៊ី ដោយដៃខ្លួនឯង កូនទាំងនោះជាអាហារដល់គេ ក្នុងគ្រាបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ
11 ព្រះយេហូវ៉ាទ្រង់បានសំរេចសេចក្តីក្រោធរបស់ទ្រង់ ក៏បានចាក់សេចក្តីខ្ញាល់ដ៏សហ័សរបស់ទ្រង់ចេញហើយ ទ្រង់បានបង្កាត់ភ្លើង នៅក្នុងក្រុងស៊ីយ៉ូន ជាភ្លើងដែលឆេះដល់ទាំងឫសជញ្ជាំងផង
12 ពួកស្តេចនៅផែនដី ហើយមនុស្សទាំងឡាយដែលនៅលោកីយ៍ គេមិនបានជឿថា ពួកតតាំង និងពួកខ្មាំងសត្រូវ នឹងអាចចូលតាមទ្វារក្រុងយេរូសាឡិមបានទេ
13 នេះគឺដោយព្រោះតែអំពើបាបរបស់ពួកហោរា និងអំពើទុច្ចរិតរបស់ពួកសង្ឃ ជាពួកអ្នកដែលគេបានកំចាយឈាមរបស់មនុស្សសុចរិត នៅកណ្តាលទីក្រុងទេ
14 គេដើរវីមវាម ដូចជាមនុស្សខ្វាក់នៅតាមផ្លូវ គេសុទ្ធតែប្រឡាក់ដោយឈាម ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពាល់សំលៀកបំពាក់ របស់គេបានឡើយ
15 មនុស្សទាំងឡាយស្រែកដល់គេថា ចូរទៅចុះ អាគំរក់ ចូរចេញទៅ ទៅៗ កុំមកពាល់អ្វីឡើយ កាលគេបានរត់ទៅ ហើយដើរសាត់ព្រាត់ទៀត នោះមនុស្សនៅកណ្តាលអស់ទាំងសាសន៍បានថា គេនឹងមិនអាស្រ័យនៅទីនេះទៀតឡើយ