8 មានពរហើយ ពួកទ្រង់ និងពួកអ្នកបំរើនេះ ដែលឈរចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់
9 សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់បានប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ា ទ្រង់ស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ប្រយោជន៍ឲ្យបានសំរេចសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត
10 រួចព្រះនាងទ្រង់ថ្វាយមាស១២០ហាប និងគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានដំឡៃដល់ស្តេច ក្រោយនោះមកមិនដែលមានគ្រឿងក្រអូបជាបរិបូរដល់ម៉្លេះបានចូលមក ឲ្យដូចជាគ្រឿងក្រអូប ដែលមហាក្សត្រីស្រុកសេបាបានថ្វាយដល់ស្តេចសាឡូម៉ូន នោះទៀតឡើយ។
11 ឯក្រុមនាវារបស់ហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ និងត្បូងមានដំឡៃ មកពីស្រុកនោះដែរ
12 ស្តេចទ្រង់យកឈើចាន់នោះធ្វើជាភ្នាក់ដៃ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងក្នុងដំណាក់របស់ស្តេច ព្រមទាំងស៊ុង និងពិណ សំរាប់ពួកចំរៀងផង មិនដែលមានឈើចាន់យ៉ាងនោះមកទៀត ក៏មិនដែលឃើញសោះឡើយ ដរាបដល់សព្វថ្ងៃនេះ។
13 ស្តេចសាឡូម៉ូនទ្រង់ក៏ប្រទានដល់មហាក្សត្រីស្រុកសេបា តាមបំណងព្រះទ័យរបស់ព្រះនាង គឺរបស់អ្វីដែលព្រះនាងសូម លើសអំពីព្រះរាជទ្រព្យហ្លួងទាំងប៉ុន្មាន ដែលសាឡូម៉ូនបានប្រទានឲ្យផង ដូច្នេះព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅឯស្រុករបស់ខ្លួនវិញ។
14 រីឯមាសដែលមកដល់សាឡូម៉ូនក្នុង១ឆ្នាំ នោះមានទំងន់ជា៦៦៦ហាប