១ ពង្សាវតារក្សត្រ 16 KHOV

1 នៅ​គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យេហ៊ូវ ជា​កូន​ហាណានី​ទាស់​នឹង​ប្អាសា​ថា

2 ដោយ​ព្រោះ​អញ​បាន​លើក​ឯង​ពី​ធូលី​ដី​ឡើង តាំង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ តែ​ឯង​បាន​ដើរ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម​វិញ ព្រម​ទាំង​បណ្តាល​ឲ្យ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ធ្វើ​បាប​ដែរ ជា​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង ដោយ‌សារ​អំពើ​បាប​របស់​គេ

3 នេះ​នែ អញ​នឹង​បោស​ឯង និង​ពូជ‌ពង្ស​ឯង​ចេញ​អស់​រលីង ឲ្យ​បាន​ដូច​ជា​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត​ដែរ

4 អ្នក​ណា​ក្នុង​វង្ស​ប្អាសា ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​ទៅ។

5 រីឯ​ដំណើរ​ឯ​ទៀត​ពី​ប្អាសា ហើយ​ការ​ដែល​ទ្រង់​ធ្វើ និង​ពី​អំណាច​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

6 ប្អាសា​ក៏​ផ្ទំ​លក់ ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ក្រុង​ធើសា រួច​អេឡា ជា​ព្រះ‌រាជ‌បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា

7 ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​បាន​សំដែង​មក ទាស់​នឹង​ប្អាសា ហើយ​នឹង​ព្រះ‌រាជ‌វង្ស​ទ្រង់ ដោយ‌សារ​ហោរា​យេហ៊ូវ ជា​កូន​ហាណានី គឺ​ដោយ​ព្រោះ​ការ​ដ៏​លាមក​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ក្រោធ​ដោយ‌សារ​អំពើ​ដែល​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​ដូច​ជា​ព្រះ‌វង្សា​យេរ៉ូ‌បោម​នោះ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​ប្រហារ​ជីវិត​គេ​ថែម​ទៀត។

ស្តេច​អេឡា​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល

8 លុះ​ដល់​ឆ្នាំ​ទី​២៦ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អេឡា ជា​កូន​ប្អាសា ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​ធើសា ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ

9 រួច​ស៊ីមរី ជា​មេ‌ទ័ព​រស់​ទ្រង់ ដែល​ត្រួត​លើ​រទេះ​ចំបាំង​ទ្រង់​ពាក់​កណ្តាល លោក​បាន​ក្បត់​ទ្រង់ រីឯ​កាល​ទ្រង់​គង់​នៅ​ក្រុង​ធើសា កំពុង​តែ​សោយ​ស្រា​ស្រវឹង ក្នុង​ផ្ទះ​របស់​អើសា ជា​ឧកញ៉ា​វាំង​នៅ​ក្រុង​ធើសា

10 នោះ​ស៊ីមរី​ក៏​ចូល​ទៅ​ធ្វើ​គុត​ទ្រង់ ក្នុង​ឆ្នាំ​ទី​២៧​នៃ​រាជ្យ​អេសា ជា​ស្តេច​យូដា រួច​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់

11 លុះ​បាន​គង់​លើ​បល្ល័ង្ក​សោយ‌រាជ្យ​ឡើង​ហើយ នោះ​ក៏​ប្រហារ​ជីវិត​នៃ​វង្សា‌នុវង្ស​របស់​ប្អាសា​ទាំង​អស់​ទៅ ឥត​ទុក​ពួក​ប្រុសៗ​ណា​មួយ​ខាង​ប្អាសា ទោះ​ទាំង​វង្សា ឬ​ជា​មិត្រ​សំឡាញ់​របស់​ទ្រង់ ឲ្យ​នៅ​សល់​ឡើយ

12 គឺ​យ៉ាង​នោះ​ដែល​ស៊ីមរី​បាន​រំលាយ​ពួក​វង្ស​របស់​ប្អាសា​ទាំង​អស់​ទៅ តាម​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ប្អាសា ដោយ‌សារ​ហោរា​យេហ៊ូវ

13 ដោយ​ព្រោះ​អំពើ​បាប​របស់​ប្អាសា និង​អំពើ​បាប​របស់​អេឡា ជា​បុត្រ​ទ្រង់ ដែល​ទ្រង់​បាន​ប្រព្រឹត្ត ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល មាន​សេចក្តី​ក្រោធ​ដោយ‌សារ​របស់​ជា​អសារ​ឥត​ការ​របស់​គេ

14 រីឯ​ដំណើរ​ឯ​ទៀត​ពី​អេឡា និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

ស្តេច​ស៊ីមរី​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល

15 លុះ​ដល់​ឆ្នាំ​ទី​២៧ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​ស៊ីមរី​បាន​សោយ‌រាជ្យ​អស់​៧​ថ្ងៃ នៅ​ក្រុង​ធើសា រីឯ​ពួក​ពល‌ទ័ព គេ​កំពុង​តែ​ច្បាំង​នឹង​គីបថោន ជា​ទី​ក្រុង​របស់​ពួក​ភីលីស្ទីន

16 ហើយ​ពួក​ទាំង​នោះ​ក៏​ឮ​ថា ស៊ីមរី​បាន​ក្បត់​ស្តេច ហើយ​ធ្វើ​គុត​ទ្រង់​ផង ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​លើក​អំរី ជា​មេ‌ទ័ព​ធំ​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល នៅ​ឯ​ទី​បោះ​ទ័ព​ក្នុង​ថ្ងៃ​នោះ​ឯង

17 ដូច្នេះ​អំរី និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​គីបថោន ឡើង​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​ធើសា​វិញ

18 កាល​ស៊ីមរី​បាន​ឃើញ​ថា គេ​ចាប់​បាន​ទី​ក្រុង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ដំណាក់​ស្តេច ក្នុង​រាជ‌វាំង រួច​ដុត​ដំណាក់ ហើយ​ខ្លួន​ក៏​ស្លាប់​ក្នុង​ភ្លើង​នោះ​ទៅ

19 ដោយ​ព្រោះ​អំពើ​បាប​ដែល​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដើរ​តាម​ផ្លូវ​នឹង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​ដែរ

20 រីឯ​ដំណើរ​ឯ​ទៀត​ពី​ស៊ីមរី និង​ការ​ដែល​លោក​ក្បត់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

21 គ្រា​នោះ ប្រជា‌ជន​ទាំង‌ឡាយ ជា​សាសន៍​អ៊ីស្រា‌អែល គេ​បែក​គ្នា​ជា​២​ពួក ពួក​១​កាន់​ខាង​ធីបនី ជា​កូន​គីណាត ប្រាថ្នា​នឹង​លើក​ឡើង​ជា​ស្តេច ហើយ​ពួក​១​ទៀត​កាន់​ខាង​អំរី

22 តែ​បណ្តា‌ជន​ដែល​ចូល​ដៃ​ខាង​អំរី គេ​ឈ្នះ​ពួក​ខាង​ធីបនី​ជា​កូន​គីណាត ដូច្នេះ​ធីបនី​ក៏​ស្លាប់​ទៅ ហើយ​អំរី​សោយ‌រាជ្យ​ឡើង។

ស្តេច​អំរី​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល

23 គឺ​នៅ​ឆ្នាំ​ទី​៣១ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា ដែល​អំរី​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​បាន​១២​ឆ្នាំ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ធើសា​បាន​៦​ឆ្នាំ

24 រួច​ទ្រង់​ទិញ​ភ្នំ​សាម៉ារី​ពី​សេមើរ ដំឡៃ​២​ហាប​ប្រាក់ ទ្រង់​ក៏​សង់​ទី​ក្រុង​នៅ​លើ​ភ្នំ​នោះ ឲ្យ​ឈ្មោះ​ថា សាម៉ារី តាម​ឈ្មោះ​សេមើរ​ជា​ម្ចាស់​ភ្នំ

25 ឯ​អំរី​ទ្រង់​ប្រព្រឹត្ត​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ក៏​ធ្វើ​អាក្រក់​លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត

26 ដ្បិត​ទ្រង់​បាន​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ផ្លូវ និង​អំពើ​បាប របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ជា​អ្នក​ដែល​បណ្តាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​ដែរ គឺ​ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្តី​ក្រោធ ដោយ‌សារ​របស់​ជា​អសារ​ឥត​ការ​របស់​គេ

27 រីឯ​ដំណើរ​ឯ​ទៀត ដែល​អំរី​ធ្វើ និង​អំណាច​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

28 អំរី​ក៏​ផ្ទំ​លក់ ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​សាម៉ារី រួច​អ័ហាប់ ជា​ព្រះ‌រាជ‌បុត្រា បាន​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

ស្តេច​អ័ហាប់​សោយ‌រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល

29 លុះ​ដល់​ឆ្នាំ​ទី​៣៨ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អ័ហាប់ ជា​បុត្រ​អំរី ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​គ្រង​រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី​បាន​២២​ឆ្នាំ

30 អ័ហាប់ ជា​បុត្រ​អំរី ទ្រង់​ប្រព្រឹត្ត​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត

31 ទ្រង់​ក៏​យក​នាង​យេសិ‌បិល ជា​បុត្រី​អេត‌បាល ស្តេច​ពួក​ស៊ីដូន ធ្វើ​ជា​ភរិយា ព្រម​ទាំង​ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ផង ទុក​ដូច​ជា​ការ ដែល​ទ្រង់​ប្រព្រឹត្ត តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​បុត្រ​នេបាត​នោះ ជា​ការ​យ៉ាង​ស្រាល​វិញ

32 ទ្រង់​ក៏​ស្អាង​អាស‌នា​មួយ ថ្វាយ​ព្រះ‌បាល នៅ​ក្នុង​វិហារ​ព្រះ‌បាល​ដែល​ទ្រង់​បាន​ស្អាង​នៅ​ក្រុង​សាម៉ារី

33 អ័ហាប់​ទ្រង់​ធ្វើ​រូប​ព្រះ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​អស់​ទាំង​ស្តេច​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត ជា​ការ​ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្តី​ក្រោធ

34 នៅ​ក្នុង​រាជ្យ​ទ្រង់ នោះ​ហ៊ីអែល ជា​អ្នក​ក្រុង​បេត-អែល ក៏​សង់​ក្រុង​យេរីខូរ​ឡើង​វិញ កាល​គាត់​ដាក់​ជើង​កំផែង​ចុះ នោះ​អ័ប៊ីរ៉ាម ជា​កូន​ច្បង​ក៏​ស្លាប់​ទៅ ហើយ​កាល​រៀប‌ចំ​ទ្វារ​ក្រុង​ឡើង នោះ​សេគូប​ជា​កូន​ពៅ​ក៏​ស្លាប់​ទៅ តាម​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​យ៉ូស្វេ​ជា​កូន​នុន។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22