១ ពង្សាវតារក្សត្រ 10 KHOV

ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​យាង​មក​គាល់​ស្តេច​សាឡូ‌ម៉ូន

1 កាល​មហា‌ក្សត្រី​ស្រុក​សេបា​បាន​ឮ​ពី​កិត្តិ‌នាម​របស់​សាឡូ‌ម៉ូន​ខាង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​យាង​មក​ល្បង​សួរ​ទ្រង់ ដោយ​ប្រស្នា​ដ៏​ជ្រៅ

2 ព្រះ‌នាង​យាង​មក​ដល់​ក្រុង​យេរូ‌សាឡិម មាន​មនុស្ស​ដង្ហែ​មក​យ៉ាង​សន្ធឹក ក៏​មាន​សត្វ​អូដ្ឋ​ជា​ច្រើន​ផ្ទុក​ដោយ​គ្រឿង​ក្រអូប និង​មាស​ជា​ច្រើន​ណាស់ ហើយ​ត្បូង​មាន​ដំឡៃ​ផង លុះ​កាល​ព្រះ‌នាង​បាន​ចូល​មក​គាល់​សាឡូ‌ម៉ូន​ហើយ នោះ​ក៏​មាន​សវនីយ៍​សន្ទនា​នឹង​ទ្រង់ ពី​គ្រប់​ទាំង​សេចក្តី​ដែល​មាន​នៅ​ក្នុង​ព្រះ‌ទ័យ

3 ឯ​សាឡូ‌ម៉ូន ទ្រង់​ក៏​ឆ្លើយ​ស្រាយ​ន័យ​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះ‌នាង​សួរ ឥត​មាន​អ្វី​លាក់​កំបាំង​ដល់​ស្តេច ដែល​ទ្រង់​មិន​បាន​ស្រាយ​ន័យ​ថ្វាយ​ព្រះ‌នាង​នោះ​ទេ

4 កាល​មហា‌ក្សត្រី​ស្រុក​សេបា បាន​ឃើញ​ប្រាជ្ញា​របស់​សាឡូ‌ម៉ូន​ទាំង​ប៉ុន្មាន និង​ដំណាក់​ដែល​ទ្រង់​ធ្វើ

5 ព្រម​ទាំង​ព្រះ‌ស្ងោយ​នៅ​លើ​តុ​ទ្រង់ ទី​លំនៅ​របស់​ពួក​បំរើ​ទ្រង់ សណ្ឋាន​ពួក​បរិវា​របស់​ទ្រង់ និង​គ្រឿង​តែង​កាយ​របស់​គេ ហើយ​ពួក​បំរើ​ថ្វាយ​ពែង​របស់​ទ្រង់ និង​ដង្វាយ​ដុត​ដែល​ទ្រង់​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី

6 ហើយ​មាន​សវនីយ៍​ទៅ​ស្តេច​ថា ពាក្យ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ផ្សាយ​ទៅ​ដល់​ស្រុក​ខ្ញុំ​ម្ចាស់ ពី​ព្រះ‌រាជ​កិច្ច និង​ប្រាជ្ញា​របស់​ទ្រង់ នោះ​ក៏​ពិត​ប្រាកដ​មែន

7 ប៉ុន្តែ​ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ទេ លុះ​ត្រា​តែ​បាន​មក​ឃើញ​នឹង​ភ្នែក​ខ្លួន​ឯង ហើយ​មើល ដំណឹង​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​នោះ មិន​ទាំង​ដល់​ត្រឹម​ពាក់​កណ្តាល​ផង គឺ​ប្រាជ្ញា និង​សេចក្តី​ចំរើន​របស់​ទ្រង់ នោះ​ហួស​លើស​ពី​កិត្តិសព្ទ ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត

8 មាន​ពរ​ហើយ ពួក​ទ្រង់ និង​ពួក​អ្នក​បំរើ​នេះ ដែល​ឈរ​ចំពោះ​ទ្រង់​ជានិច្ច ទាំង​ស្តាប់​ប្រាជ្ញា​របស់​ទ្រង់

9 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ទ្រង់ ដើម្បី​នឹង​តាំង​ឡើង​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​ស្រឡាញ់​សាសន៍​អ៊ីស្រា‌អែល​អស់​កល្ប‌ជានិច្ច បាន​ជា​តាំង​ទ្រង់​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ ប្រយោជន៍​ឲ្យ​បាន​សំរេច​សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត

10 រួច​ព្រះ‌នាង​ទ្រង់​ថ្វាយ​មាស​១២០​ហាប និង​គ្រឿង​ក្រអូប​យ៉ាង​សន្ធឹក ព្រម​ទាំង​ត្បូង​មាន​ដំឡៃ​ដល់​ស្តេច ក្រោយ​នោះ​មក​មិន​ដែល​មាន​គ្រឿង​ក្រអូប​ជា​បរិបូរ​ដល់​ម៉្លេះ​បាន​ចូល​មក ឲ្យ​ដូច​ជា​គ្រឿង​ក្រអូប ដែល​មហា‌ក្សត្រី​ស្រុក​សេបា​បាន​ថ្វាយ​ដល់​ស្តេច​សាឡូ‌ម៉ូន នោះ​ទៀត​ឡើយ។

11 ឯ​ក្រុម​នាវា​របស់​ហ៊ីរ៉ាម ដែល​ដឹក​យក​មាស​មក​ពី​ស្រុក​អូភារ នោះ​ក៏​ដឹក​យក​ឈើ​ចាន់​ជា​បរិបូរ និង​ត្បូង​មាន​ដំឡៃ មក​ពី​ស្រុក​នោះ​ដែរ

12 ស្តេច​ទ្រង់​យក​ឈើ​ចាន់​នោះ​ធ្វើ​ជា​ភ្នាក់​ដៃ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ក្នុង​ដំណាក់​របស់​ស្តេច ព្រម​ទាំង​ស៊ុង និង​ពិណ សំរាប់​ពួក​ចំរៀង​ផង មិន​ដែល​មាន​ឈើ​ចាន់​យ៉ាង​នោះ​មក​ទៀត ក៏​មិន​ដែល​ឃើញ​សោះ​ឡើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

13 ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ក៏​ប្រទាន​ដល់​មហា‌ក្សត្រី​ស្រុក​សេបា តាម​បំណង​ព្រះ‌ទ័យ​របស់​ព្រះ‌នាង គឺ​របស់​អ្វី​ដែល​ព្រះ‌នាង​សូម លើស​អំពី​ព្រះ‌រាជ‌ទ្រព្យ​ហ្លួង​ទាំង​ប៉ុន្មាន ដែល​សាឡូ‌ម៉ូន​បាន​ប្រទាន​ឲ្យ​ផង ដូច្នេះ​ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ។

រាជ​ទ្រព្យ​របស់​ស្តេច​សាឡូ‌ម៉ូន

14 រីឯ​មាស​ដែល​មក​ដល់​សាឡូ‌ម៉ូន​ក្នុង​១​ឆ្នាំ នោះ​មាន​ទំងន់​ជា​៦៦៦​ហាប

15 ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​អ្នក​លក់​ដូរ និង​ការ​ជំនួញ ហើយ​ពី​អស់​ទាំង​ស្តេច​ស្រុក​អារ៉ាប់ និង​ពួក​ចៅ‌ហ្វាយ​ស្រុក​ទាំង​ប៉ុន្មាន​ថែម​ទៀត

16 ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ផែ​មាស​ធ្វើ​ខែល​ធំ​២០០​គឺ​យក​មាស​៦០០​ដំឡឹង ដើម្បី​ធ្វើ​ខែល​មួយៗ

17 ទ្រង់​ក៏​ផែ​មាស​ធ្វើ​ខែល​តូច​៣០០ ក្នុង​ខែល​មួយៗ មាន​មាស​៦​នាលិ ហើយ​ទ្រង់​តម្កល់​ទុក​ទាំង​អស់​ក្នុង​ដំណាក់​នៃ​ព្រៃ​ល្បាណូន

18 មួយ​ទៀត​ស្តេច​ទ្រង់​ធ្វើ​បល្ល័ង្ក​១​ធំ ដោយ​ភ្លុក ហើយ​ស្រោប​មាស​សុទ្ធ​លេខ​១

19 មាន​ជណ្តើរ​៦​ថ្នាក់​ឡើង​ទៅ​ដល់​បល្ល័ង្ក​នោះ ឯ​បង្អែក​បល្ល័ង្ក​នោះ​រាង​មូល ហើយ​មាន​កំណល់​ដៃ នៅ​ទាំង​សង​ខាង​ទី​អង្គុយ មាន​រូប​សិង្ហ​២​ឈរ​នៅ​ខាង​កំណល់​ដៃ

20 ហើយ​មាន​សិង្ហ​១២​ឈរ​នៅ​ថ្នាក់​ជណ្តើរ​៦​ម្ខាង គ្មាន​បល្ល័ង្ក​ណា​នៅ​ក្នុង​នគរ​ណា ដែល​នឹង​ផ្ទឹម​ស្មើ​បាន​ឡើយ

21 ឯ​អស់​ទាំង​ប្រដាប់​សំរាប់​សាឡូ‌ម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​គ្រឿង​ប្រដាប់ នៅ​ក្នុង​ដំណាក់​នៃ​ព្រៃ​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ គ្មាន​ណា​មួយ​ធ្វើ​ពី​ប្រាក់​ទេ នៅ​ក្នុង​រាជ្យ​សាឡូ‌ម៉ូន នោះ​គេ​មិន‌សូវ​រាប់‌អាន​ប្រាក់​ប៉ុន្មាន​ទេ

22 ដ្បិត​ស្តេច​ទ្រង់​មាន​ក្រុម​នាវា​តើស៊ីស ដើរ​ផ្លូវ​សមុទ្រ ជា​មួយ​នឹង​នាវា​របស់​ហ៊ីរ៉ាម ក្រុម​នាវា​តើស៊ីស​នោះ ក៏​ដឹក​យក​មាស ប្រាក់ ភ្លុក ទោច និង​ក្ងោក​មក​ក្នុង​៣​ឆ្នាំ​១​ដង។

23 ដូច្នេះ ស្តេច​សាឡូ‌ម៉ូន​ទ្រង់​មាន​ទ្រព្យ‌សម្បត្តិ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី

24 ហើយ​ប្រជា‌ជន ក្នុង​លោក​ទាំង​មូល គេ​រក​ចង់​ចូល​ទៅ​គាល់​ស្តេច​សាឡូ‌ម៉ូន ដើម្បី​នឹង​ស្តាប់​ប្រាជ្ញា​ទ្រង់ ដែល​ព្រះ​បាន​ដាក់​នៅ​ក្នុង​ព្រះ‌ទ័យ

25 គ្រប់​គ្នា​ក៏​នាំ​យក​ដង្វាយ​មក​ថ្វាយ គឺ​ជា​គ្រឿង​មាស ប្រាក់ សំលៀក‌បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា‌កាត់ តាម​កំណត់​រាល់​តែ​ឆ្នាំ

26 សាឡូ‌ម៉ូន​ក៏​ប្រមូល​ចំរើន​រទេះ​ចំបាំង និង​ពល​សេះ ទ្រង់​មាន​រទេះ​ចំបាំង​១​ពាន់​៤០០ ហើយ​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់ ដែល​ទ្រង់​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង សំរាប់​រទេះ​ចំបាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា​មួយ​នឹង​ស្តេច នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ

27 ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ប្រាក់​សម្បូរ ដូច​ជា​ថ្ម​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ឲ្យ​មាន​ដើម​តាត្រៅ​សម្បូរ​ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប

28 ឯ​អស់​ទាំង​សេះ​របស់​សាឡូ‌ម៉ូន នោះ​បាន​យក​មក​ពី​ស្រុក​អេស៊ីព្ទ ពួក​ជំនួញ​របស់​ស្តេច​គេ​ទិញ​មក​ទាំង​ហ្វូង តាម​ដំឡៃ​១​ហ្វូងៗ

29 គេ​ក៏​នាំ​រទេះ​ចំបាំង​ពី​ស្រុក​អេស៊ីព្ទ​មក ១​ថ្លៃ​៦០០​រៀល ហើយ​សេះ​១​ថ្លៃ​១៥០ គេ​ក៏​ទិញ​ដឹក‌នាំ​មក សំរាប់​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ហេត និង​ពួក​ស្តេច​ស្រុក​ស៊ីរី​យ៉ាង​ដូច្នោះ​ដែរ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22