11 ហេតុដូច្នោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាឡូម៉ូនថា ដោយព្រោះឯងបានធ្វើយ៉ាងនេះ ហើយមិនបានរក្សាសេចក្តីសញ្ញារបស់អញ និងបញ្ញត្តដែលអញបានបង្គាប់ដល់ឯង នោះបានជាអញនឹងកន្ត្រាក់យករាជ្យពីឯងវិញជាពិត ហើយឲ្យទៅអ្នកបំរើរបស់ឯងវិញ
12 ប៉ុន្តែ អញមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺអញនឹងកន្ត្រាក់យកពីដៃកូនឯងវិញ
13 អញក៏មិនយកនគរទាំងមូលពីវាដែរ គឺនឹងឲ្យពូជអំបូរ១ដល់កូនឯង ដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញ ហើយយល់ដល់ក្រុងយេរូសាឡិម ដែលអញបានរើសហើយផង។
14 ព្រះយេហូវ៉ាទ្រង់ក៏បណ្តាល ឲ្យមានអ្នកតតាំងនឹងសាឡូម៉ូនម្នាក់ គឺហាដាឌ់ ជាសាសន៍អេដំម ដែលជាវង្សានៃស្តេចស្រុកនោះ
15 ពីព្រោះកាលដាវីឌបានទៅស្រុកអេដំម ហើយយ៉ូអាប់ជាមេទ័ពបានឡើងទៅកប់ខ្មោចនៃពួកអ្នកដែលស្លាប់ក្នុងចំបាំង គឺក្នុងពេលក្រោយដែលបានសំឡាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដំម
16 (ដ្បិតយ៉ូអាប់ និងពួកអ៊ីស្រាអែលទាំងអស់ បាននៅស្រុកនោះអស់៦ខែ ទាល់តែបានសំឡាប់ពួកប្រុសៗនៃសាសន៍អេដំមនោះអស់រលីងទៅ)
17 គ្រានោះ ហាដាឌ់បានរត់រួច ព្រមទាំងសាសន៍អេដំមខ្លះ ដែលជាអ្នកបំរើរបស់ឪពុកលោកដែរ ក៏រត់ទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលហាដាឌ់នៅជាកុមារតូចនៅឡើយ