18 គេនាំគ្នាចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន ក៏នាំយកមនុស្សខ្លះពីប៉ារ៉ាន ទៅជាមួយនឹងគេ ចូលទៅក្នុងស្រុកអេស៊ីព្ទ គាល់ផារ៉ោន ជាស្តេចស្រុកនោះ ហើយទ្រង់ក៏ប្រទានផ្ទះ១ឲ្យលោកនៅ និងស្រែចំការដែរ ព្រមទាំងផ្គត់ផ្គង់ស្បៀងអាហារផង
19 ឯហាដាឌ់ បានប្រកបដោយគុណរបស់ផារ៉ោនយ៉ាងធំ ដល់ម៉្លេះបានជាទ្រង់ប្រទានប្អូនរបស់ភរិយាទ្រង់ គឺជាប្អូននាងថាផ្នេស ដែលជាអគ្គមហេសី ឲ្យធ្វើជាប្រពន្ធលោក
20 ប្អូនរបស់នាងថាផ្នេសក៏បង្កើតកូនប្រុស១ឲ្យលោក ឈ្មោះថា កេនូបាត ហើយនាងថាផ្នេសក៏ផ្តាច់ដោះ នៅក្នុងដំណាក់ផារ៉ោន រួចកេនូបាតបាននៅក្នុងដំណាក់ផារ៉ោន ជាមួយនឹងព្រះរាជបុត្រនៃស្តេច
21 ក្រោយមក កាលហាដាឌ់បានឮនៅស្រុកអេស៊ីព្ទថា ដាវីឌបានផ្ទំលក់ជាមួយនឹងពួកអយ្យកោទ្រង់ហើយ ព្រមទាំងយ៉ូអាប់ជាមេទ័ពដែរ នោះហាដាឌ់ទូលផារ៉ោនថា សូមឲ្យទូលបង្គំត្រឡប់ទៅឯស្រុកទូលបង្គំវិញ
22 តែផារ៉ោនមានព្រះបន្ទូលសួរថា នៅជាមួយនឹងយើងនេះ តើឯងមានខ្វះខាតអ្វី បានជាចង់ត្រឡប់ទៅស្រុកវិញដូច្នេះ លោកទូលឆ្លើយថា គ្មានខ្វះអ្វីទេ ប៉ុន្តែសូមឲ្យតែទូលបង្គំបានទៅចុះ។
23 ព្រះក៏បណ្តាឲ្យមានអ្នកតតាំងនឹងទ្រង់ម្នាក់ទៀត គឺឈ្មោះរេសោន ជាកូនអេលីយ៉ាដា ជាអ្នកដែលបានរត់ពីហាដា-រេស៊ើរ ជាស្តេចសូបា ចៅហ្វាយរបស់ខ្លួន
24 អ្នកនោះក៏ប្រមូលមនុស្សមកតាមខ្លួន ហើយបានធ្វើជាមេទ័ពលើពួកនោះ ក្នុងគ្រាដែលដាវីឌបានសំឡាប់ពួកសូបា រួចគេទៅអាស្រ័យនៅក្រុងដាម៉ាស ហើយបានគ្រប់គ្រងនៅទីនោះ