4 ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំធ្ងន់ពន់ពេក ដូច្នេះ សូមទ្រង់មេត្តាប្រោសឲ្យការតឹងរ៉ឹងរបស់ព្រះវរបិតាទ្រង់ និងនឹមយ៉ាងធ្ងន់ដែលទ្រង់បានដាក់លើយើងខ្ញុំរាល់គ្នា បានស្រាលចេញ នោះយើងខ្ញុំរាល់គ្នានឹងប្រតិបត្តិតាមទ្រង់
5 ដូច្នេះ ទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសូមត្រឡប់មកវិញ បណ្តាជនទាំងឡាយក៏បង្គំលាទៅ។
6 ស្តេចរេហូបោមក៏ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតនៃសាឡូម៉ូន បិតាទ្រង់ ពីកាលទ្រង់គង់ព្រះជន្មនៅឡើយថា តាមគំនិតរបស់លោករាល់គ្នា នោះតើត្រូវយើងឆ្លើយនឹងពួករាស្ត្រនេះយ៉ាងដូចម្តេច
7 លោកទាំងនោះទូលឆ្លើយថា នៅថ្ងៃនេះ បើទ្រង់សព្វព្រះទ័យនឹងធ្វើតាមចិត្តប្រជាជនទាំងឡាយ ហើយយកចិត្តគេ ដោយឆ្លើយនឹងគេជាពាក្យផ្អែមពីរោះ នោះគេនឹងនៅជាបាវបំរើរបស់ទ្រង់ជាដរាបទៅ
8 ប៉ុន្តែទ្រង់មិនព្រមតាមគំនិតនៃពួកចាស់ៗទាំងនោះទេ គឺទ្រង់ទៅប្រឹក្សានឹងពួកមនុស្សស្រករនឹងទ្រង់ ជាពួកជំនិតទ្រង់វិញ
9 ដោយព្រះបន្ទូលថា តើអ្នករាល់គ្នាគិតយ៉ាងណា តើត្រូវឲ្យយើងឆ្លើយនឹងពួករាស្ត្រនេះដូចម្តេច ដែលគេបានមកសូមយើងថា សូមមេត្តាប្រោសឲ្យនឹមដែលព្រះបិតាទ្រង់បានដាក់លើយើងរាល់គ្នា បានស្រាលទៅ
10 រួចពួកដែលស្រករនឹងទ្រង់ គេទូលឆ្លើយថា ឯពួករាស្ត្រនេះ ដែលមកទូលសូមទ្រង់ថា ព្រះបិតាទ្រង់បានធ្វើឲ្យនឹមយើងខ្ញុំរាល់គ្នាធ្ងន់ពន់ពេក សូមទ្រង់មេត្តាប្រោសឲ្យបានស្រាលដល់យើងខ្ញុំវិញដូច្នេះ នោះត្រូវឲ្យទ្រង់មានព្រះបន្ទូលឆ្លើយនឹងគេយ៉ាងនេះថា កូនដៃយើងនឹងបានធំជាងភ្លៅរបស់ព្រះបិតាយើង