១ ពង្សាវតារក្សត្រ 13:5-11 KHOV

5 អាស‌នា​នោះ​ក៏​បាក់​បែក ហើយ​ផេះ​ក៏​ខ្ចាត់​ខ្ចាយ​ពី​លើ​ទៅ តាម​ទី​សំគាល់​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រាប់ ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

6 នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា សូម​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ហើយ​អធិ‌ស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​ខ្ញុំ​បាន​ជា​ឡើង​វិញ អ្នក​សំណប់​របស់​ព្រះ ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា រួច​ព្រះ‌ហស្ត​ស្តេច​បាន​ជា​ឡើង​ដូច​កាល​ដើម​វិញ

7 ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា អញ្ជើញ​ទៅ​ផ្ទះ​ខ្ញុំ​លំហើយ​ខ្លួន​បន្តិច​សិន ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក

8 តែ​អ្នក​សំណប់​របស់​ព្រះ​ទូល​ឆ្លើយ​ថា បើ​ទុក​ជា​ទ្រង់​ប្រទាន​ដំណាក់​ទ្រង់​១​ចំហៀង​មក​ទូល‌បង្គំ ក៏​ទូល‌បង្គំ​មិន​ទៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ទូល‌បង្គំ​មិន​ព្រម​ទទួល​ទាន​នំបុ័ង ឬ​ទឹក​នៅ​ទី​នេះ​ឡើយ

9 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហាម​ទូល‌បង្គំ​ថា កុំ​ឲ្យ​ឯង​បរិភោគ​អាហារ​ឬ​ទឹក ហើយ​កុំ​ឲ្យ​វិល​មក​វិញ​តាម​ផ្លូវ ដែល​ឯង​ទៅ​នោះ​ឡើយ

10 ដូច្នេះ គាត់​ក៏​ចេញ​ទៅ​តាម​ផ្លូវ​១​ទៀត ឥត​វិល​ទៅ​តាម​ផ្លូវ​ដែល​មក​ដល់​ក្រុង​បេត-អែល​នោះ​ទេ។

11 រីឯ​នៅ​ក្រុង​បេត-អែល មាន​ហោរា​ចាស់​ម្នាក់ ឯ​កូន​គាត់​ម្នាក់ ក៏​មក​ប្រាប់​ឪពុក ពី​គ្រប់​ទាំង​ការ ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ធ្វើ នៅ​ក្រុង​បេត-អែល នា​ថ្ងៃ​នោះ ព្រម​ទាំង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​គាត់​បាន​ទូល​ដល់​ស្តេច​ដែរ