16 អេសានេះ និងប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ច្បាំងគ្នា រហូតដល់អស់ព្រះជន្ម
17 ឯប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ឡើងទៅទាស់នឹងពួកយូដា ក៏សង់ក្រុងរ៉ាម៉ាឡើង ដើម្បីកុំឲ្យមានអ្នកណាចេញចូលទៅខាងអេសា ជាស្តេចស្រុកយូដាបានឡើយ
18 ដូច្នេះ អេសាទ្រង់យកអស់ទាំងប្រាក់មាស ដែលនៅសល់ក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនៅក្នុងដំណាក់ស្តេច ប្រគល់ទៅក្នុងដៃនៃពួកមហាតលិកទ្រង់ ចាត់គេទៅឯបេន-ហាដាឌ់ ជាបុត្រថាបរីម៉ូន ដែលជាបុត្រហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយពាក្យថា
19 ទ្រង់ ហើយនឹងទូលបង្គំមានសេចក្តីសញ្ញានឹងគ្នាមកហើយ ព្រមទាំងព្រះបិតាទូលបង្គំ និងព្រះបិតារបស់ទ្រង់ផង នោះនែ ទូលបង្គំផ្ញើដង្វាយ ជាប្រាក់មាសមកថ្វាយដល់ទ្រង់ សូមឲ្យទ្រង់ទៅផ្តាច់សេចក្តីសញ្ញា ដែលទ្រង់មានចំពោះប្អាសា ជាស្តេចស្រុកអ៊ីស្រាអែលទៅ ដើម្បីឲ្យគេថយពីទូលបង្គំចេញ
20 បេន-ហាដាឌ់ក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកពលទ័ពទៅច្បាំងនឹងអស់ទាំងទីក្រុងនៅស្រុកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-បេត-ម្អាកា ព្រមទាំងស្រុកគីនេរ៉ែតទាំងមូល ហើយស្រុកណែបថាលីទាំងអស់
21 កាលប្អាសាបានជ្រាប នោះទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ទៅអាស្រ័យនៅឯក្រុងធើសាវិញ
22 គ្រានោះ ស្តេចអេសាទ្រង់ចេញព្រះរាជឱង្ការ ប្រកាសដល់ពួកយូដាទាំងអស់គ្នា ឥតប្រោសទុកអ្នកណាមួយឡើយ ហើយគេក៏ទៅយកទាំងថ្ម និងឈើ ដែលប្អាសាបានប្រើ ដើម្បីនឹងសង់ក្រុងរ៉ាម៉ាមក រួចស្តេចអេសាក៏យកទៅសង់ក្រុងកេបានៅខែត្របេនយ៉ាមីន ព្រមទាំងក្រុងមីសប៉ាវិញ។