15 លុះដល់ឆ្នាំទី២៧ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះស៊ីមរីបានសោយរាជ្យអស់៧ថ្ងៃ នៅក្រុងធើសា រីឯពួកពលទ័ព គេកំពុងតែច្បាំងនឹងគីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីន
16 ហើយពួកទាំងនោះក៏ឮថា ស៊ីមរីបានក្បត់ស្តេច ហើយធ្វើគុតទ្រង់ផង ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នាក៏លើកអំរី ជាមេទ័ពធំតាំងឡើងជាស្តេចលើពួកអ៊ីស្រាអែល នៅឯទីបោះទ័ពក្នុងថ្ងៃនោះឯង
17 ដូច្នេះអំរី និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ចេញពីក្រុងគីបថោន ឡើងទៅឡោមព័ទ្ធក្រុងធើសាវិញ
18 កាលស៊ីមរីបានឃើញថា គេចាប់បានទីក្រុងហើយ នោះក៏ចូលទៅក្នុងដំណាក់ស្តេច ក្នុងរាជវាំង រួចដុតដំណាក់ ហើយខ្លួនក៏ស្លាប់ក្នុងភ្លើងនោះទៅ
19 ដោយព្រោះអំពើបាបដែលបានធ្វើ ដោយប្រព្រឹត្តលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមផ្លូវនឹងអំពើបាប ដែលយេរ៉ូបោមបានធ្វើ ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ
20 រីឯដំណើរឯទៀតពីស៊ីមរី និងការដែលលោកក្បត់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
21 គ្រានោះ ប្រជាជនទាំងឡាយ ជាសាសន៍អ៊ីស្រាអែល គេបែកគ្នាជា២ពួក ពួក១កាន់ខាងធីបនី ជាកូនគីណាត ប្រាថ្នានឹងលើកឡើងជាស្តេច ហើយពួក១ទៀតកាន់ខាងអំរី