8 លុះដល់ឆ្នាំទី២៦ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡា ជាកូនប្អាសា ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងធើសា ក៏សោយរាជ្យបាន២ឆ្នាំ
9 រួចស៊ីមរី ជាមេទ័ពរស់ទ្រង់ ដែលត្រួតលើរទេះចំបាំងទ្រង់ពាក់កណ្តាល លោកបានក្បត់ទ្រង់ រីឯកាលទ្រង់គង់នៅក្រុងធើសា កំពុងតែសោយស្រាស្រវឹង ក្នុងផ្ទះរបស់អើសា ជាឧកញ៉ាវាំងនៅក្រុងធើសា
10 នោះស៊ីមរីក៏ចូលទៅធ្វើគុតទ្រង់ ក្នុងឆ្នាំទី២៧នៃរាជ្យអេសា ជាស្តេចយូដា រួចសោយរាជ្យឡើងជំនួសទ្រង់
11 លុះបានគង់លើបល្ល័ង្កសោយរាជ្យឡើងហើយ នោះក៏ប្រហារជីវិតនៃវង្សានុវង្សរបស់ប្អាសាទាំងអស់ទៅ ឥតទុកពួកប្រុសៗណាមួយខាងប្អាសា ទោះទាំងវង្សា ឬជាមិត្រសំឡាញ់របស់ទ្រង់ ឲ្យនៅសល់ឡើយ
12 គឺយ៉ាងនោះដែលស៊ីមរីបានរំលាយពួកវង្សរបស់ប្អាសាទាំងអស់ទៅ តាមសេចក្តីដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទាស់នឹងប្អាសា ដោយសារហោរាយេហ៊ូវ
13 ដោយព្រោះអំពើបាបរបស់ប្អាសា និងអំពើបាបរបស់អេឡា ជាបុត្រទ្រង់ ដែលទ្រង់បានប្រព្រឹត្ត ព្រមទាំងបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ ជាការដែលនាំឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល មានសេចក្តីក្រោធដោយសាររបស់ជាអសារឥតការរបស់គេ
14 រីឯដំណើរឯទៀតពីអេឡា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។