15 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅលោកថា ចូរឯងត្រឡប់ទៅតាមផ្លូវ ដែលកាត់ទីរហោស្ថាន ទៅឯក្រុងដាម៉ាសទៅ កាលណាបានដល់ហើយ នោះចូរចាក់ប្រេងតាំងហាសែលឡើង ឲ្យធ្វើជាស្តេចស្រុកស៊ីរីចុះ
16 ហើយត្រូវចាក់ប្រេង តាំងយេហ៊ូវ ជាកូននីមស៊ីឡើង ឲ្យធ្វើជាស្តេច សោយរាជ្យលើស្រុកអ៊ីស្រាអែលដែរ ឯអេលីសេ ជាកូនសាផាត ដែលនៅអេបិល-មហូឡា នោះត្រូវចាក់ប្រេងតាំងឲ្យធ្វើជាហោរាជំនួសឯង
17 ដូច្នេះ អ្នកណាដែលរួចពីដាវរបស់ហាសែល នោះយេហ៊ូវនឹងសំឡាប់គេវិញ ហើយអ្នកណាដែលរួចពីដាវរបស់យេហ៊ូវ នោះអេលីសេនឹងសំឡាប់បង់
18 ប៉ុន្តែ អញនឹងទុកឲ្យមានមនុស្ស៧ពាន់នាក់សល់នៅ ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាប នៅចំពោះព្រះបាល ឬថើបវាឡើយ។
19 ដូច្នេះ លោកក៏ចេញពីទីនោះ ទៅរកអេលីសេ ជាកូនសាផាត ឃើញកំពុងតែភ្ជួរ មានគោ១២នឹមភ្ជួរនៅខាងមុខគាត់ គឺគាត់ដែលភ្ជួរដោយនឹមក្រោយបង្អស់ នៅខណៈនោះ អេលីយ៉ាក៏ដើរដំរង់ទៅឯគាត់ ហើយបោះក្រមាខ្លួនទៅលើ
20 គាត់ក៏លះបង់គោចោល រត់ទៅតាមអេលីយ៉ា ដោយពាក្យថា សូមអនុញ្ញាតឲ្យខ្ញុំទៅថើបលាឪពុកម្តាយខ្ញុំសិន នោះខ្ញុំនឹងមកតាមលោក តែអេលីយ៉ាឆ្លើយតបថា ចូរទៅវិញទៅ តើអញបានធ្វើអ្វីដល់ឯង
21 ដូច្នេះ គាត់ក៏ត្រឡប់ទៅវិញ យកគោ១នឹមសំឡាប់ទៅ ហើយស្ងោរដោយគ្រឿងប្រដាប់ទឹមគោ រួចចែកគ្នាបរិភោគទៅ រួចហើយគាត់ក្រោកឡើងទៅតាមអេលីយ៉ា ដើម្បីបំរើលោក។