3 កាលលោកបានជ្រាបដូច្នោះហើយ នោះក៏ក្រោកឡើងរត់ទៅឲ្យរួចជីវិត បានដល់ទៅបៀរ-សេបា ជាស្រុករបស់ពួកយូដា លោកក៏ទុកអ្នកបំរើនៅទីនោះ
4 តែខ្លួនលោកដើរពេញ១ថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងពួកអយ្យកោទូលបង្គំទេ
5 លោកក៏ប្រះខ្លួនដេកលក់ នៅក្រោមដើមដង្កោនោះទៅ នោះមានទេវតាមកដាស់លោកប្រាប់ថា ចូរក្រោកឡើងបរិភោគសិន
6 លោកក្រឡេកមើលទៅឃើញនៅក្បាលដំណេក មាននំដុតឆ្អិននៅលើធ្យូងភ្លើង ហើយមានទឹក១ក្អមផង នោះលោកក៏បរិភោគនំ និងទឹកនោះ រួចដេកទៅវិញ
7 ទេវតានៃព្រះយេហូវ៉ាក៏មកដាស់ម្តងទៀតប្រាប់ថា ចូរក្រោកឡើងបរិភោគទៅ ដ្បិតផ្លូវដែលត្រូវដើរ នោះហួសកំឡាំងឯងណាស់
8 លោកក៏ក្រោកឡើងបរិភោគទៅ ហើយដោយសារកំឡាំង ដែលបានពីអាហារនោះ លោកក៏ដើរទៅអស់៤០ថ្ងៃ៤០យប់ បានដល់ទៅភ្នំហោរែប ជាភ្នំនៃព្រះ។
9 កាលលោកបានទៅដល់ហើយ នោះក៏ចូលទៅអាស្រ័យក្នុងរអាង១នៅទីនោះ គ្រានោះ ឮព្រះបន្ទូលនៃព្រះយេហូវ៉ាមកសួរថា អេលីយ៉ាអើយ តើធ្វើអីនៅទីនេះ