1 រីឯពេលកំណត់ ដែលដាវីឌត្រូវសុគត បានជិតដល់ ទ្រង់ក៏ផ្តាំសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់ថា
2 អញរៀបនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងឡាយហើយ ដូច្នេះ ចូរឯងខំប្រឹងឡើង ហើយសំដែងខ្លួនឲ្យបានពេញជាប្រុសចុះ
3 ចូររក្សាបញ្ញើរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកាន់តាមសេចក្តីបង្គាប់ និងក្រឹត្យក្រម ហើយនឹងសេចក្តីបន្ទាល់របស់ទ្រង់តាមសេចក្តី ដែលបានកត់ទុកហើយ ក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ប្រយោជន៍ឲ្យឯងបានប្រព្រឹត្តដោយប្រាជ្ញាក្នុងគ្រប់ទាំងការដែលឯងធ្វើ ហើយនៅកន្លែងណាដែលឯងទៅ
4 ដើម្បីឲ្យព្រះយេហូវ៉ាបានសំរេចតាមព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលនឹងអញថា បើកូនចៅឯងរក្សាផ្លូវរបស់គេ ឲ្យបានដើរនៅចំពោះមុខអញ ដោយស្មោះត្រង់ អស់ពីចិត្ត អស់ពីព្រលឹងគេ នោះនឹងមិនដែលខានមានពូជឯង អង្គុយលើបល្ល័ង្ករាជ្យ នៃសាសន៍អ៊ីស្រាអែលឡើយ។