20 មាតាចង់សូមការតូច១ពីបុត្រ សូមកុំប្រកែកឡើយ ស្តេចទ្រង់មានព្រះបន្ទូលតបថា សូមព្រះមាតាមានព្រះសវនីយ៍មកចុះ ដ្បិតទូលបង្គំមិនប្រកែកទេ
21 ដូច្នេះ ព្រះនាងទូលថា សូមប្រទាននាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យទៅធ្វើជាប្រពន្ធអ័ដូនីយ៉ាជាជេដ្ឋាទៅ
22 ស្តេចសាឡូម៉ូន ទ្រង់ឆ្លើយតបទៅមាតាថា ហេតុអ្វីបានជាព្រះមាតាសូមនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យអ័ដូនីយ៉ាដូច្នេះ ត្រូវសូមទាំងរាជសម្បត្តិឲ្យវាផង ដ្បិតវាជាបងរបស់ទូលបង្គំស្រាប់ គឺសូមឲ្យវា និងអ័បៀថើរដ៏ជាសង្ឃ ហើយនឹងយ៉ូអាប់ ជាកូនសេរូយ៉ាដែរ
23 នោះស្តេចសាឡូម៉ូនក៏ស្បថដោយនូវព្រះយេហូវ៉ាថា បើអ័ដូនីយ៉ាមិនត្រូវស្លាប់ ដោយព្រោះពោលពាក្យនេះទេ នោះសូមឲ្យព្រះទ្រង់ប្រព្រឹត្តនឹងទូលបង្គំយ៉ាងនេះ ហើយលើសទៅទៀតផង
24 ដូច្នេះ ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានតាំងទូលបង្គំឡើងឲ្យអង្គុយលើបល្ល័ង្កនៃដាវីឌ ជាព្រះវរបិតា ហើយបានឲ្យទូលបង្គំមានជំនួរវង្ស ដូចជាទ្រង់បានសន្យាទុក គឺស្បថថា នៅថ្ងៃនេះអ័ដូនីយ៉ាត្រូវស្លាប់ជាពិត
25 ស្តេចក៏ចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅប្រហារជីវិតអ័ដូនីយ៉ា ហើយទ្រង់ក៏សុគតទៅ។
26 ខណៈនោះ ស្តេចក៏មានព្រះបន្ទូលទៅអ័បៀថើរដ៏ជាសង្ឃថា ចូរឯងត្រឡប់ទៅឯស្រែចំការរបស់ឯង ដែលនៅស្រុកអាន៉ាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែយើងមិនសំឡាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហឹបនៃព្រះអម្ចាស់យេហូវ៉ា នៅចំពោះដាវីឌ ជាព្រះវរបិតាយើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្តីលំបាករបស់ព្រះវរបិតាយើងដែរ