25 ស្តេចក៏ចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅប្រហារជីវិតអ័ដូនីយ៉ា ហើយទ្រង់ក៏សុគតទៅ។
26 ខណៈនោះ ស្តេចក៏មានព្រះបន្ទូលទៅអ័បៀថើរដ៏ជាសង្ឃថា ចូរឯងត្រឡប់ទៅឯស្រែចំការរបស់ឯង ដែលនៅស្រុកអាន៉ាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែយើងមិនសំឡាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហឹបនៃព្រះអម្ចាស់យេហូវ៉ា នៅចំពោះដាវីឌ ជាព្រះវរបិតាយើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្តីលំបាករបស់ព្រះវរបិតាយើងដែរ
27 ដូច្នេះ សាឡូម៉ូនបានបណ្តេញអ័បៀថើរ ចេញពីដំណែងងារជាសង្ឃនៃព្រះយេហូវ៉ាទៅ ដើម្បីឲ្យបានសំរេចព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានព្រះបន្ទូលពីដំណើរវង្សាអេលីនៅត្រង់ស៊ីឡូរ។
28 ដំណឹងនោះក៏ឮទៅដល់យ៉ូអាប់ ហើយលោកក៏រត់ទៅឯត្រសាលនៃព្រះយេហូវ៉ា ចាប់កាន់ស្នែងអាសនា ដ្បិតទោះបើលោកមិនបានទៅតាមអាប់សាឡំមក៏ពិត ប៉ុន្តែបាននិយមតាមអ័ដូនីយ៉ាដែរ
29 មានគេមកក្រាបទូលស្តេចសាឡូម៉ូនថា យ៉ូអាប់បានរត់ទៅឯត្រសាលនៃព្រះយេហូវ៉ាហើយ ក៏នៅជិតអាសនា នោះសាឡូម៉ូនចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅដោយព្រះបន្ទូលថា ចូរទៅប្រហារជីវិតវាទៅ
30 បេណាយ៉ាក៏ទៅឯត្រសាលនៃព្រះយេហូវ៉ាប្រាប់យ៉ូអាប់ថា ស្តេចទ្រង់បង្គាប់ឲ្យចេញមក តែលោកប្រកែកថា ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ ដូច្នេះបេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចថា យ៉ូអាប់បានឆ្លើយមកទូលបង្គំយ៉ាងនោះ
31 ស្តេចមានព្រះបន្ទូលតបថា ចូរធ្វើតាមពាក្យវាចុះ ចូរសំឡាប់វា ហើយកប់វាទៅ ដើម្បីនឹងលុបឈាម ដែលយ៉ូអាប់បានកំចាយ ដោយឥតហេតុចេញពីយើង ហើយពីជំនួរវង្ស នៃព្រះវរបិតាយើងទៅ