33 ឈាមរបស់គេនឹងធ្លាក់មកលើក្បាលយ៉ូអាប់ ហើយនឹងពូជពង្សវាជាដរាបទៅ តែចំណែកឯដាវីឌ និងពូជពង្សទ្រង់ ព្រមទាំងជំនួរវង្សទ្រង់ ហើយរាជ្យរបស់ទ្រង់នោះនឹងបានសេចក្តីសុខសាន្ត មកអំពីព្រះយេហូវ៉ា ជានិច្ចតទៅវិញ
34 ដូច្នេះ បេណាយ៉ា ជាកូនយេហូយ៉ាដា ក៏ឡើងទៅប្រហារសំឡាប់យ៉ូអាប់បង់ រួចគេបញ្ចុះក្នុងម៉ុងរបស់លោកនៅទីរហោស្ថាន
35 ស្តេចទ្រង់ក៏តាំងបេណាយ៉ាជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសលោក ហើយតាំងសាដុកដ៏ជាសង្ឃ ជំនួសអ័បៀថើរដែរ។
36 រួមមក ស្តេចទ្រង់ចាត់គេទៅ ឲ្យហៅស៊ីម៉ាយមកបង្គាប់ថា ចូរឯងសង់ផ្ទះ១នៅក្រុងយេរូសាឡិមទៅ ហើយអាស្រ័យនៅទីនោះចុះ កុំឲ្យចេញទៅឯណាទៀតឡើយ
37 ដ្បិតនៅថ្ងៃណា ដែលឯងចេញទៅ ឆ្លងជ្រោះកេដ្រុន នោះចូរឯងដឹងខ្លួនថា ឯងនឹងត្រូវស្លាប់ជាមិនខាន ឈាមឯងនឹងធ្លាក់លើក្បាលឯងវិញ
38 ស៊ីម៉ាយទូលឆ្លើយថា ព្រះបន្ទូលទ្រង់ល្អណាស់ ទូលបង្គំ ជាបាវបំរើទ្រង់ នឹងធ្វើដូចជាព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានមានព្រះបន្ទូល ហើយស៊ីម៉ាយក៏នៅក្នុងក្រុងយេរូសាឡិមជាយូរ។
39 លុះកន្លងទៅ៣ឆ្នាំហើយ នោះបាវរបស់ស៊ីម៉ាយ២នាក់រត់ទៅឯអ័គីស ជាស្តេចក្រុងកាថ ជាបុត្រនៃម្អាកា រួចមានគេប្រាប់ដល់ស៊ីម៉ាយថា មើល បាវរបស់អ្នកនៅឯក្រុងកាថ