១ ពង្សាវតារក្សត្រ 2:40-46 KHOV

40 ដូច្នេះ ស៊ីម៉ាយ​ក៏​ចាត់‌ចែង​ចង​កែប​លា ចេញ​ទៅ​ឯ​អ័គីស​នៅ​ក្រុង​កាថ ដើម្បី​រក​បាវ​របស់​ខ្លួន ក៏​ទៅ​នាំ​យក​បាវ​ពី​ក្រុង​កាថ​មក​វិញ

41 មាន​គេ​ក្រាប​ទូល​ដល់​សាឡូ‌ម៉ូន​ថា ស៊ីម៉ាយ​បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ដល់​ក្រុង​កាថ ឥឡូវ​មក​វិញ​ហើយ

42 ស្តេច​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ស៊ីម៉ាយ​មក មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​យើង​មិន​បាន​ឲ្យ​ឯង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ទេ​ឬ​អី តើ​មិន​បាន​ប្រាប់​បញ្ជាក់​ដល់​ឯង​ឲ្យ​ដឹង​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ណា ដែល​ឯង​នឹង​ចេញ​ដំណើរ ទៅ​ឯ​ស្រុក​ដទៃ​ណា​មួយ នោះ​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​ទេ​ឬ​អី ហើយ​ឯង​បាន​ទទួល​ព្រម​ថា ព្រះ‌បន្ទូល​នៃ​ទ្រង់ ដែល​ទូល‌បង្គំ​បាន​ឮ​នេះ​ល្អ​ណាស់​ដែរ

43 ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​កាន់​តាម​សម្បថ​នៃ​ព្រះ‌យេហូវ៉ា នឹង​សេចក្តី​ដែល​យើង​បាន​បង្គាប់​នោះ

44 ស្តេច​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ស៊ីម៉ាយ​ទៀត​ថា ឯង​ស្គាល់​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​លាក់​ក្នុង​ចិត្ត​ឯង គឺ​ជា​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ដល់​ដាវីឌ ជា​ព្រះ‌បិតា​យើង​ហើយ ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​ទំលាក់​ការ​អាក្រក់​របស់​ឯង​នោះ មក​លើ​ក្បាល​ឯង​វិញ

45 តែ​ស្តេច​សាឡូ‌ម៉ូន​នឹង​បាន​ពរ ហើយ​រាជ្យ​របស់​ដាវីឌ នឹង​បាន​តាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ដរាប​ទៅ

46 នោះ​ស្តេច​ទ្រង់​បង្គាប់​ទៅ​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ហើយ​លោក​ក៏​ចេញ​ទៅ​ប្រហារ​ជីវិត​ឲ្យ​វា​ស្លាប់​ទៅ ឯ​រាជ្យ នោះ​បាន​តាំង​ជា​មាំ‌មួន ក្នុង​អំណាច​សាឡូ‌ម៉ូន​ហើយ។